(អាមេរិក)៖ អ្នកនិយម iPhone និងកំពុងកាន់ទូរស័ព្ទក្រុមហ៊ុន Apple គ្រប់ស៊េរី ប្រាកដជាកត់ថ្ងៃទន្ទឹងរង់ចាំ នៃការប្រកាសចេញនូវទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុនយក្សអាមេរិកនេះជាផ្លូវការហើយ ប៉ុន្តែព័ត៌មានរំភើបជាច្រើនត្រូវបានផ្សព្វផ្សាយរួចទៅហើយ ជាពិសេសទៅលើរូបរាង និងលក្ខណៈសម្បត្តិនៃ iPhone ជំនាន់ថ្មី ប៉ុន្តែទាំងអស់នោះ គឺស្ថិតនៅក្នុងការរំពឹងទុកតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទស្សនាវដ្តី Forbes នាល្ងាចថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
នៅថ្ងៃទី១២ ខែកញ្ញា (ពេលវេលានៅអាមេរិក) ឆាប់ៗខាងមុននេះ ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញរូបរាង ព្រមទាំងលក្ខណៈសម្បត្តិនៃ iPhone ជំនាន់ថ្មី ដែលពាក្យចចាមអារ៉ាមថា អាចមានរហូតដល់ទីបីស៊េរី ឬទំហំ និងពេលវេលានៃការចេញលក់ដល់អតិថិជនជាផ្លូវការផងដែរ ប៉ុន្តែធាតុពិតយ៉ាងណានោះ គឺត្រូវរង់ចាំថ្ងៃប្រកាសជាផ្លូវការមកដល់។
គួរបញ្ជាក់ថា ស៊េរីទូរស័ព្ទដែលគ្រប់គ្នារំពឹងថា ក្រុមហ៊ុន Apple នឹងបញ្ចេញនៅថ្ងៃទី១២ ខែកញ្ញា នោះមានដូចជា iPhone 8s ឬ SE2, iPhone XS និង iPhone XPlus ជាដើមដែលប្រាកដជាបង្កព្យុះភ្លៀងក្នុងពិភពបច្ចេកវិទ្យាជាថ្មី បន្ទាប់ពីការបញ្ចេញ iPhone X ក្បាលឆក ដែលមានតម្លៃជាងមួយពាន់ដុល្លារ ប៉ុន្តែមានអ្នកគាំទ្រកើនឡើងយ៉ាងសន្ធឹកសន្ធាប់កាលពីឆ្នាំ២០១៧៕