(អឺរ៉ុប)៖ រូបភាពថ្មីពីកែវយឺតអវកាស Hubble បានបង្ហាញឲ្យឃើញពីលក្ខណៈលម្អិតនៃពន្លឺអ៊ូរ៉ូរ៉ា (Aurora) របស់ភពសៅរ៍ (Saturn) ដែលមានទំហំធំជាងឆ្ងាយធៀបនឹងពន្លឺចម្លែកនេះនៅលើផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារអវកាសអឺរ៉ុប ESA រូបភាពថ្មីទាំងនេះត្រូវបានថតយកដោយ Hubble ក្នុងអំឡុងពេល ០៧ខែ កាលពីឆ្នាំ២០១៧ គឺជារូបភាពគ្រប់ជ្រុងជ្រោយបំផុត នៃពន្លឺ Aurora នៅប៉ូលខាងជើងរបស់ Saturn គិតមកទល់ពេលនេះ ហើយក៏ទិដ្ឋភាពដែលល្អបំផុតចាប់តាំងពីការស្រាវជ្រាវ និងអង្កេតដឹងពី Aurora នៃភពសៅរ៍ផងដែរ។
នៅលើភពផែនដី បាតុភូតពន្លឺ Aurora កើតមានឡើងនៅពេលភាគល្អិតមានផ្ទុកចរន្ត ដែលបញ្ចេញមកពីព្រះអាទិត្យ មកប៉ះម៉ូលេគុលអាសូតក៏ដូចជាអុកស៊ីសែនក្នុងបរិយាកាសផែនដី ក៏បង្កើតចេញជាទិដ្ឋភាពនៃពន្លឺយ៉ាងចម្លែក នៅលើរយៈកម្ពស់ខ្ពស់លើផ្ទៃមេឃ ដែលអាចឲ្យយើងមើលឃើញដោយភ្នែកទទេបាន នៅតំបន់ប៉ូលខាងជើង និងខាងត្បូង។
ដោយឡែក មិនដូចជាភពរបស់យើងឡើយទេ ភពសៅរ៍មានបរិយាកាស ដែលភាគច្រើនផ្ទុកទៅដោយអ៊ីដ្រូសែន ដែលផលិតចេញជាពន្លឺស្វាយអ៊ុលត្រា (Ultraviolet) នៅពេលមានប្រតិបត្តិកម្មជាមួយភាគល្អិត នៅក្នុងរលកចំហាយខ្យល់របស់ព្រះអាទិត្យ (Solar Wind)។ ពន្លឺបែបនេះ គឺមិនអាចត្រូវមើលឃើញបានដោយកែវភ្នែកទទេ ឬកែវយឺតលើផែនដីនោះឡើយ ប៉ុន្តែអាចថតយកបានដោយកែវយឺត Hubble ពីទីអវកាស។
គួរជម្រាបថា ក្រៅពីផែនដី និងភពសៅរ៍ បាតុភូតពន្លឺ Aurora ក៏ធ្លាប់ត្រូវបានគេប្រទះឃើញ នៅលើភពព្រហស្បតិ៍ (Jupiter), ភពណិបទូន (Neptune), ភពអ៊ុយរ៉ាណុស (Uranus), និងភពពុធ (Mercury) ផងដែរ ប៉ុន្តែគេមិនទាន់អាចបំបែកកំណត់ត្រា ដោយការព្យាយាមថតយកពន្លឺនេះក្រុងទ្រង់ទាយធំឲ្យបាននៅភពទាំងនោះឡើយ៕