(សេអ៊ូល)៖ កូរ៉េខាងត្បូង​បានធ្វើការពិគ្រោះ​យោបល់ជាមុន ជាមួយសហរដ្ឋអាមេរិក ជុំវិញដំណើរទស្សនកិច្ច​​របស់​ក្រុមប្រតិភូពិសេស​ ​តំណាងប្រធានាធិបតី​កូរ៉េខាងត្បូង ទៅកាន់​ប្រទេស​កូរ៉េខាងជើង ដែលនឹងប្រព្រឹត្ត​ទៅនាថ្ងៃស្អែកនេះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី០៤ ខែកញ្ញា​ ឆ្នាំ២០១៨។

យោងតាមការ​បញ្ជាក់ពីអ្នកនាំពាក្យក្រសួង​ការបរទេសកូរ៉េខាងត្បូង សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង-អាមេរិក បានធ្វើការពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អន់ ជុំវិញដំណើរ​ទស្សនកិច្ច​​ នៃ​គណៈប្រតិភូពិសេស​​កូរ៉េខាងត្បូង​ទៅកាន់រដ្ឋធានី​ព្យុងយ៉ាង ដោយ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ បាន​រក្សាកិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង។

គួរជម្រាបថា ក្រុមបេសកកម្ម​ពិសេស ដែលមាន​សមាសភាព ០៥រូប និងដឹកនាំដោយ​ទីប្រឹក្សាសន្តិសុខ​ជាតិ​របស់​លោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) នឹងចេញដំណើរទៅ​ទីក្រុងព្យុងយ៉ាង នាថ្ងៃពុធស្អែកនេះ​សម្រាប់​រយៈពេលមួយថ្ងៃ​ដើម្បីកំណត់​ថ្ងៃជួប​មុខ​គ្នា ​សម្រាប់ការ​បើកកិច្ចប្រជុំកំពូល​ជាលើកទីបី​រវាងលោក មូន និង ប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន៕