(អាហ្វ្រិក)៖ ក្នុងឱកាសបើកកិច្ចប្រជុំកំពូលក្រុងប៉េកាំង នៃវេទិកាសហប្រតិបតិ្តការចិន និងអាហ្វ្រិកឆ្នាំ ២០១៨ លោក ស៊ី ជីនពីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះដែលមានចំណងជើងថា «ចាប់ដៃគ្នារួមជោគវាសនាតែមួយ រួមចិត្តរួមថ្លើមជំរុញការអភិវឌ្ឍ» ដោយលោកបានលើកឡើងថា ក្នុងរយៈពេល០៣ឆ្នាំខាងមុខ និងក្នុងមួយរយៈកាលនៅពេលអនាគត ប្រទេសចិននឹងខិតខំបង្កើតសហគមន៍រួមវាសនាតែមួយរវាងចិន និងអាហ្វ្រិកដែលមានភាពកាន់តែស្អិតល្មួត ដោយឆ្លងតាមការអនុវត្តប្រតិបតិ្តការចំនួន ០៨វិស័យ មានដូចជាវិស័យជំរុញឧស្សាហកម្ម ការតភ្ជាប់ហេដ្ឋារចនាសម័្ពន្ធ កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍបៃតង កសាងសមត្ថភាព សុខាភិបាល-សុខភាព ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ សនិ្តភាព និងសន្តិសុខជាដើម។
ប្រការទាំងនេះគឺជាទស្សនៈថ្មី និងវិធានការថ្មីដែលប្រទេសចិនបានលើកឡើង ដោយផ្តោតសំខាន់ទៅលើអនាគតរបស់ចិន និងអាហ្វ្រិក ព្រមទាំងជាការគ្រោងផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាហ្វ្រិកក្នុងយុគសម័យថ្មី ពោលគឺបានចង្អុលបង្ហាញនូវទិសដៅអភិវឌ្ឍន៍យ៉ាងច្បាស់លាស់ ។
ថ្លែងក្នុងសុន្ទរកថាខាងលើនេះ លោក ស៊ី ជីនពីង បានរំលឹកឡើងវិញ និងគូសបញ្ជាក់ថា ក្នុងពេលធ្វើកិច្ចសហប្រតិបតិ្តការជាមួយអាហ្វ្រិក ជានិច្ចកាលប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ «មិនធ្វើចំនួន ០៥ចំណុច» ពោលគឺមិនជ្រៀតជ្រែកការស្វែងរកផ្លូវអភិវឌ្ឍន៍ ដែលសមស្របតាមសភាពការណ៍ប្រទេសជាតិរបស់អាហ្វ្រិក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាហ្វ្រិក មិនបង្ខំឲ្យអាហ្វ្រិកធ្វើតាមគំនិតរបស់ខ្លួន មិនដាក់ល័ក្ខខ័ណ្ឌនយោបាយណាទាំងអស់ ក្នុងការផ្តល់ជំនួយដល់អាហ្វ្រិក មិនកេងចំណេញផលប្រយោជន៍នយោបាយ ក្នុងការបណ្តាក់ទុន និងផ្តល់សហហិរញ្ញប្បទាននៅអាហ្វ្រិក។
ដើម្បីសម្រេចបានគោលដៅមួយនេះ លោកប្រធានរដ្ឋចិន ស៊ី ជីនពិង បានលើកឡើងថា ប្រទេសចិននឹងចាត់ប្រតិបត្តិការធំៗចំនួន ០៨ ព្រមទាំងរីករាយក្នុងការផ្តល់ការគាំទ្រជាទឹកប្រាក់ ៦០ពាន់លានដុល្លារអាមេរិក ដល់អាហ្រ្វិកតាមរូបភាពការផ្តល់ជំនួយដោយរដ្ឋាភិបាល និងការវិនិយោគ ឬការធ្វើសហហិរញ្ញប្បទានពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាស។
នេះគឺបានលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្រ្វិកលើមូលដ្ឋានគោលនយោបាយ និងវិធានការចំនួន ០៨ ស្តីពីការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាហ្រ្វិកដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលក្រុងប៉េកាំងនាឆ្នាំ២០០៦ និងផែនការសហប្រតិបត្តិការធំៗទាំង ១០ រវាងចិន និងអាហ្រ្វិកដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលក្រុង ចូហាន់ណែស្បឺក (Johannesburg) នាឆ្នាំ២០១៥។
វេទិកាសហប្រតិបត្តិការចិន និងអាហ្រ្វិកបានដំណើរការអស់រយៈពេល ១៨ឆ្នាំហើយ ដែលបានបំផុសគំនិតធំបំផុតសម្រាប់ពិភពលោក គឺបានលុបបំបាត់ «គំនិតផលបូកសូន្យ» ដែលអ្នកឈ្នះចង់ស៊ីទាំងក្បាល និងកន្ទុយពោលគឺបានដើរលើផ្លូវថ្មី ដែលធ្វើកិច្ចសហប្រតិបត្តិការ និងឈ្នះ–ឈ្នះ ហើយបង្កើតជាគំរូមួយសម្រាប់ការបង្កើតសហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិ។
បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្រ្វិកបានឈរលើទីចាប់ផ្តើមថ្មី ប្រឈមមុខនឹងប្រធានបទនៃយុគសម័យ គឺសន្តិភាព និងការអភិវឌ្ឍគ្មានអ្វីគួរឲ្យសង្ស័យនោះទេ រូបមន្តសហប្រតិបត្តិការរវាងចិន និងអាហ្រ្វិកស្តីពីការរួមសុខរួមទុក្ខ និងធ្វើការអភិវឌ្ឍជាមួយគ្នាគឺជាជម្រើសរួមរបស់ភាគីទាំងពីរ៕