(អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅតែបន្តរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ថាជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត ក៏ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរថា ដោយសារតែកិច្ចព្រមព្រៀងនេះបានធ្វើ ឱ្យអ៊ីស្រាអែល និងពិភពអារ៉ាប់ខិតកាន់តែជិតគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
ការកាត់សម្គាល់បែបនេះរបស់លោក Netanyahu ធ្វើឡើងនៅឯក្រសួងការបរទេសអ៊ីស្រាអែល នៅថ្ងៃចន្ទសប្ដាហ៍នេះ និងកើត មានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះផ្ទាល់ ត្រូវបានគេរាយការណ៍ថា បានប្រកាសពីអ៊ីស្រាអែលនឹងចូលរួមជាមួយក្រុមចំរុះអារ៉ាប់ ប្រឆាំងនឹងអ៊ីរ៉ង់ បើសិនជាទីក្រុងតេហេរ៉ង់ បិទច្រកសមុទ្រ បាបអាល់មែនដេប (Bab al-Mandab)។
លោក Netanyahu បានលើកឡើងយ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ គឺជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត... ប៉ុន្តែវាបានធ្វើឱ្យពួកយើងខិតកាន់តែជិតពិភពអារ៉ាប់ ក្នុងទ្រង់ទ្រាយមួយដែលយើងមិនធ្លាប់មាន ហើយគោលបំណងរបស់យើងមួយនេះ នឹងនៅតែបន្តទៅមុខជានិច្ច»។
គួរជម្រាបថា អ៊ីរ៉ង់ និងអ៊ីស្រាអែលមិនបានរក្សាទំនាក់ទំនងការទូតនឹងគ្នាចាប់តាំងពីឆ្នាំ១៩៧៩ និងតែងតែមានភាពតានតឹងគ្នា ជាបន្តបន្ទាប់មកទល់នឹងពេលនេះ ដោយសាតែអ៊ីរ៉ង់មិនព្រមទទួលស្គាល់រដ្ឋជ្វីប។ ប៉ុន្តែខុសប្លែកពីអារ៉ាប៊ីសាអូឌីត បើទោះជាមិនមានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែលក៏ដោយ ក៏ទីក្រុងរីយ៉ាដ ហាក់ដូចជាភាពធូរស្រាលច្រើននឹងអ៊ីស្រាអែល នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយពីរាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammad bin Salman) ប្រកាសទទួលស្គាល់សិទ្ធិរបស់ជនជាតិជ្វីប ក្នុងការបង្កើតរដ្ឋផ្ទាល់ខ្លួន៕