(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃអង្គារនេះ បានប្រកាសលុបចោលការលើកលែងទោស និងបញ្ជាឱ្យចាប់ខ្លួនសមាជិកព្រឹទ្ធសភាប្រឆាំងម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារមិនបានសម្រេចកាលពីជាង ១៥ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០១៨។
សមាជិកព្រឹទ្ធសភាលោក អាន់តូនីញ៉ូ ទ្រីលឡាណែស (Antonio Trillanes) ដែលតែងតែរិះគន់លោក ឌូតឺតេ ឥតសម្ចៃមាត់ធ្លាប់បានចោទប្រកាន់ប្រធានាធិបតី ហ្វីលីពីនរូបនេះថា បានលាក់បាំងទ្រព្យសម្បតិ្ត ព្រមទាំងបង្ហាញការគំាទ្រដល់ការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងលោក ឌូតឺតេ ផងដែរ។
ដោយឡែកជុំវិញបទបញ្ជានេះដែរ បើតាមសារព័ត៌មានគំាទ្រលោក ឌូតឺតេ Manila Times ការលើកលែងទោសឱ្យលោក Trillanes កាលពីឆ្នាំ២០១០ ត្រូវបានលុបចោល ដោយសារតែលោកមិនបានបំពេញតាមលក្ខខណ្ឌជាអប្បបរមា ដែលសមនឹងទទួលបានការលើកលែងទោសនេះ។ សារព័ត៌មាននេះដដែលបានបញ្ជាក់ទៀតថា ប៉ូលិស និងយោធាហ្វីលីពីនត្រូវបានបង្គាប់ឱ្យឃាត់ខ្លួនលោក Trillanes ហើយឃុំ ខ្លួនរូបលោកដើម្បីរង់ចាំប្រឈមមុខនឹងសវនាការ។
តែយ៉ាងណាក៏ដោយ លោក Trillanes បានចាត់ទុកថា បទបញ្ជារបស់លោក ឌូតឺតេ គឺជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ និងជារឿងឆ្គួតៗ ហើយថាលោកនឹងប្រឆាំងនឹងការចាប់ខ្លួន ឬក៏រត់គេចខ្លួននោះឡើយ។
គួរបញ្ជាក់ថា បើសិនជាលោក Trillanes ត្រូវបានចាប់ខ្លួននោះ លោកនឹងក្លាយជាសមាជិកព្រឹទ្ធសភាទី ២ ដែលនឹងត្រូវបានឃុំខ្លួន ក្រោមការដឹកនាំរបស់លោក ឌូតឺតេ ខណៈសមាជិកសភាម្នាក់ទៀតគឺលោកស្រី ឡៃឡា ឌែ លីម៉ា (Leila de Lima កំពុងជាប់ឃុំរយៈពេល ១៨ខែ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានជួយសម្របសម្រួលដល់ការជួញដូរគ្រឿងញៀន នៅតាមពន្ធនាគារជាតិ៕