(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលីបានឱ្យដឹងថា អាកាសធាតុក្ដៅ និងស្ងួតហួតហែង បានបង្ខំឱ្យសត្វស្លាបក្នុងចំនួនដ៏ច្រើន មកពីតំបន់ឆ្នេរភាគខាងកើត ធ្វើដំណើរមកតាំងទីលំនៅបណ្ដោះអាសន្ន នៅក្នុងសួនសត្វមួយកន្លែងនៅក្នុងទីក្រុងស៊ីដនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកលោក ម៉ៃឃើល សេលដ៍ (Michael Sheils) ជាមន្ត្រីសួនសត្វ តារ៉ុងហ្គា (Taronga Zoo) បានបញ្ជាក់ថា ដោយសារតែ ស្ថានភាពមិនអំណោយផលសត្វទាំងអស់កំពុងជួបភាពលំបាក... ហើយនៅពេលដែលប្រភពអាហាររបស់វា ត្រូវស្ងូតហួតហែង ពួក វានឹងធ្វើដំណើរមកទីនេះ... ព្រោះពួកវាមិនអាចរស់នៅកន្លែង ដែលពួកវាធ្លាប់ស្ថិតនៅនោះទៀតទេ»។
គួរបញ្ជាក់ថា បើតាមលោក Michael Sheils ក្នុងចំណោមសត្វស្លាបដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ ភាគច្រើនគឺជាសត្វសេកពណ៌ស ឬគេស្គាល់ថា ខូរ៉េលឡាស (corellas) ហើយមកទល់នឹងពេលនេះរដ្ឋ ញូសោតវែលស៍ (New South Wales) នៅតែបន្តជួបគ្រោះរាំងស្ងួត៕