(អាហ្សង់ទីន)៖ ប្រធានាធិបតីអាហ្សង់ទីនលោក ម៉ូរីស៊ីយ៉ូ ម៉ាគ្រី (Mauricio Macri) បានប្រកាសថា រូបលោកកំពុងរៀបចំបិទក្រសួងចំនួនជាងពាក់កណ្តាលចោល ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយក្រៅពីនេះ លោកក៏បានបង្ខំចិត្តដាក់ចេញនូវចំណាត់ការយកពន្ធថ្មីលើវិស័យនាំចេញផងដែរ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក Macri បានទទួលស្គាល់ថា ចំណាត់ការយកពន្ធថ្មីលើវិស័យនាំចេញ គឺជាគំនិតមិនល្អប៉ុន្មានឡើយ ប៉ុន្តែវារឿងចាំបាច់សម្រាប់ស្ថានការណ៍បន្ទាន់នាពេលបច្ចុប្បន្ន។ ប្រទេសអាហ្សង់ទីននាពេលនេះ កំពុងប្រឈមនឹងបញ្ហាអតិផរណាខ្ពស់ ព្រមទាំងការធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាននៃតម្លៃលុយប៉េសូ ចាប់តាំងតែពីខែមករាដើមឆ្នាំរហូតមកទល់បច្ចុប្បន្ន។
ជាមួយគ្នានេះដែរ លោក Macri មិនបានបញ្ជាក់ច្បាស់ថា តើគណៈរដ្ឋមន្រ្តីរបស់លោក នឹងទៅជាយ៉ាងណានោះឡើយ នៅក្រោយការធ្វើកំណែទម្រង់នេះ ប៉ុន្តែបើតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មានក្នុងស្រុកផ្ទាល់របស់អាហ្សង់ទីន ក្រសួងទាំង ២២ អាចនឹងត្រូវកាត់បន្ថយមកនៅត្រឹម ១០ប៉ុណ្ណោះ តាមរយៈការរួមបញ្ចូលគ្នា និងបិទចោលតែម្តង។
ជុំវិញវិបត្តិសេដ្ឋកិច្ចនេះ លោកប្រធានាធិបតីហ្សង់ទីនបានបន្ទោសទៅលើកត្តាខាងក្រៅជាច្រើន រួមមានការកើនឡើងនៃតម្លៃប្រេង ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងគ្រោះរាំងស្ងួតដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម៕