(កាប៊ុល)៖ លោក ចាឡាលូដឌីន ហាកកានី (Jalaluddin Haqqani) ដែលជាបិតាស្ថាបនិកនៃបណ្តាញក្រុមសកម្មប្រយុទ្ធ Haqqani ដ៏មានឥទ្ធិពលនៅអាហ្វហ្គានីស្ថាន បានបាត់បង់ជីវិតហើយ ដោយសារតែការធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមឧទ្ទាមតាលីបង់ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក Haqqani ដែលបានបង្កើតបណ្តាញក្រុមសកម្មប្រយុទ្ធខាងលើ តាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះនោះ បានប្រគល់តួនាទីដឹកនាំក្រុមសកម្មប្រយុទ្ធ Haqqani កាលពីប៉ុន្មានឆ្នាំមុន ទៅឲ្យកូនប្រុសរបស់ខ្លួនឈ្មោះថា ស៊ីរ៉ាជូដឌីន ហាកកានី (Sirajuddin Haqqani) ដែលបច្ចុប្បន្នជាមេដឹកនាំរងរបស់ក្រុមឧទ្ទាមតាលីបង់ ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន។
គួរជម្រាបថា បច្ចុប្បន្នបណ្តាញក្រុមសកម្មប្រយុទ្ធ Haqqani កំពុងតស៊ូប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងអង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក ព្រមទាំងកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយក្រុមនេះជាសម្ព័ន្ធមិត្តនឹងក្រុមតាលីបង់ ក៏ដូចជាក្រុមអាល់កៃដា៕