(អាបូដាប៊ី)៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានជ្រើសរើសអវកាសយានិកពីររូបដំបូងរបស់ខ្លួន ក្នុងចំណោបេក្ខភាពជាង ៤,០០០នាក់ ដើម្បីបំពេញបេសកកម្មមួយ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន France24 នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក ហ្សេក ម៉ូហាម៉េដ ប៊ីន រ៉ាហ្សេដ អាល់ម៉ាកទួម (Sheikh Mohammed bin Rashed al-Maktoum) ដែលជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីនៃអេមីរ៉ាត់អារ៉ាប់រួមបានឲ្យដឹងថា អវកាសយានិកថ្មីទាំងពីររូបខាងលើរួមមានលោក ហាសស្សា អាល់ម៉ាន់សួរី (Hazza al-Mansouri) វ័យ ៣៤ឆ្នាំ និងលោក ស៊ូលតង់ អាល់ណេយ៉ាឌី (Sultan al-Neyadi) វ័យ ៣៧ឆ្នាំ។ កាលពីឆ្នាំមុន លោក Sheikh Mohammed បានប្តេជ្ញាថា នឹងបញ្ជូនអវកាសយានិកសរុប ០៤នាក់ ទៅកាន់ស្ថានីយ ISS ក្នុងរយៈពេល ០៥ឆ្នាំ។
គួរជម្រាបថា អេមីរ៉ាត់អារ៉ាប់រួមក៏បានប្រកាសថារួចមកហើយ អំពីគម្រោងដើម្បីក្លាយខ្លួនជាប្រទេសអារ៉ាប់ដំបូងគេ ដែលនឹងបញ្ជូនយានអវកាសមួយមានឈ្មោះថា Hope ឲ្យទៅគោចរនៅជុំវិញភពអង្គារ (Mars) នៅឆ្នាំ២០២១ ហើយនិងគ្រោងកសាងទីក្រុងលើភពក្រហមនេះតែម្តងនៅឆ្នាំ២១០០៕