(ម៉ូស្គូ)៖ រុស្ស៊ីបានត្រៀម​ខ្លួនរួចជាស្រេច ក្នុង​ការផលិតនាវាផ្ទុក​ឧទ្ធម្ភាគចក្រសម្រាប់​បណ្ដាប្រទេស​ទាំងឡាយ ឱ្យមាន​ការបញ្ជាទិញ។ នេះបើតាមរដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​រុស្ស៊ី ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីឧស្សហកម្ម និងពាណិជ្ជកម្មរុស្ស៊ី​លោក ឌែនីស មែនទូរ៉ូវ (Denis Manturov) លើកឡើង​យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែអាច​និយាយបានថា យើងបាន ត្រៀមខ្លួនរួចជា​ស្រេចក្នុងការផលិត​នាវាផ្ទុកឧទ្ធម្ភាគចក្រ និងលក់វាទៅ​ឱ្យអតិថិជន ក្នុងនោះរួមមាន​ទំាងបរទេសដែល​បង្ហាញការ​ចាប់អារម្មណ៍ និងបញ្ជាទិញ»

គួរបញ្ជាក់ថា កាលពី​ខែសីហា​លោក Denis Manturov ក៏ធ្លាប់បានបញ្ជាក់​ដែរថា រុស្ស៊ីអាចនឹងផលិតនាវាចម្បាំង​ប្រយុទ្ធ ជាជាងផលិតនាវាផ្ទុក​ឧទ្ធម្ភាគចក្រ បន្ទាប់ពីគំរោងទិញ​នាវាចម្បាំង មីស្ត្រាល់ (Mistral) ពីប្រទេសបារាំង​ក្នុងតម្លៃជាង ១.៣ពាន់លានដុល្លារ ត្រូវបាន លុបចោល​ដោយសារតែការ​ដាក់ទណ្ឌកម្ម​ ប្រឆាំងនឹងទីក្រុងម៉ូស្គូកាលពីឆ្នាំ​២០១៥៕