(រ៉ូម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោកស្រី អេលីសាប៊េតតា ត្រេនតា (Elisabetta Trenta) បាននិយាយថា ប្រទេសបារាំងគួរតែត្រូវបានបន្ទោស និងជាអ្នក ទទួលខុសត្រូវលើវិបត្តិនៅក្នុងប្រទេសលីប៊ីបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
លោកស្រី Elisabetta Trenta ធ្វើការកត់សម្គាល់បែបនេះ ដោយចង់សំដៅទៅលើការធ្វើអន្តរាគមន៍យោធារបស់បារាំង និងបណ្ដា ប្រទេសមួយចំនួនទៀត ដើម្បីផ្ដួលរំលំរបបដឹកនាំលីប៊ីលោក មួម៉ា កាដាហ្វី (Moamer Kadhafi) កាលពីឆ្នាំ២០១១។ លោកស្រី Trenta បាន គូសបញ្ជាក់នៅលើសារមួយបង្ហោះលើ Facebook នៅថ្ងៃចន្ទសប្ដាហ៍នេះយ៉ាងដូច្នេះថា «ក្នុងការគិតរបស់ខ្ញុំ បារាំងគួរតែត្រូវបានបន្ទោស និងជាអ្នកទទួលខុសត្រូវលើវិបត្តិលីប៊ីនាពេលបច្ចុប្បន្ន... មួយវិញទៀត វាច្បាស់ថាប្រទេសលីប៊ីដើរដល់ស្ថានភាពដូចសព្វ ថ្ងៃដោយសារតែមនុស្សមួយចំនួនកាលពីឆ្នាំ២០១១ គិតតែពីផលប្រយោជន៍ខ្លួនឯងលើសប្រជាជនលីប៊ី និងអឺរ៉ុបទៅទៀត»។
គួររំលឹកថា កាលពីឆ្នាំ២០១១ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានសម្រេចចិត្តបញ្ជូនកងកាម្ម៉ង់ដូពិសេសរបស់ខ្លួន ឱ្យទៅធ្វើអន្តរាគមន៍យោធាផ្ដួលរំលំរបបដឹកនាំ លោក Moamer Kadhafi ដើម្បីការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែក្រោយរបប Kadhafi ដួលរលំរហូតមកទល់ពេលនេះ ប្រជាជនលីប៊ីនៅតែបន្តរស់នៅក្នុងជម្លោះរុំារ៉ៃដដែល ខណៈសេដ្ឋកិច្ចជាតិធ្លាក់ស្ទើរតែដល់កម្រិតសូន្យ៕