(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ រុស្ស៊ី និងអ៊ីរ៉ង់ កុំឱ្យបើកការវាយប្រហារលើខេត្ត Idlib ដ្បិតវាអាចនឹងបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ហើយសហរដ្ឋអាមេរិក ក៏នឹងមិនឈរឱបដៃមើលដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖«រុស្ស៊ី និងអ៊ីរ៉ង់អាចនឹង បង្កកំហុសដ៏ធំមួយក្នុងការចូលរួមក្នុងសោកនាដកម្មមនុស្សជាតិ...ហើយមនុស្សរាប់ពាន់នាក់អាចនឹងត្រូវបានសម្លាប់។ ប៉ុន្តែកុំឱ្យ រឿងបែបនេះកើតឡើងឱ្យសោះ»។
សូមជម្រាបថា ខេត្ត Idlib ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមស៊ីរី មានប្រជាជនស៊ីវិលរស់នៅប្រមាណជា ០៣លាននាក់។ ចំណែកឯ ការព្រមានរបស់លោកត្រាំ កើតមានឡើង ក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងកម្លាំង រដ្ឋាភិបាលស៊ីរី កំពុងរៀបចំការវាយលុកដណ្ដើមយកខេត្តមួយនេះពីក្រុមឧទ្ទាមស៊ីរីមកវិញ៕