(អាមេរិក)៖ ក្នុងអំឡុងខែកញ្ញានេះ ភពភ្លឺៗមួយចំនួននឹងបង្ហាញខ្លួនតាមកន្លែង ក៏ដូចជាពេលវេលាខុសៗគ្នា នៅលើផ្ទៃមេឃរបស់ភពផែនដីយើង ដែលនឹងក្លាយជាទិដ្ឋភាពប្លែកភ្នែក និងគួរឲ្យចាប់អារម្មណ៍ផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០១៨។
ក្នុងខែនេះ ភពសុក្រ (Venus) នឹងបង្ហាញខ្លួននៅក្រោយថ្ងៃលិច ហើយរំកិលចុះទៅភាគនិរតីនៃផ្ទៃមេឃបន្តិចម្តងៗ ខណៈភពព្រហស្បតិ៍ (Jupiter) នឹងអាចត្រូវមើលឃើញនៅខាងឆ្វេងដៃពីខាងលើភពសុក្របន្តិច ប៉ុន្តែពន្លឺរបស់វា គឺខ្សោយជាងភពសុក្រ ហើយអ្វីដែលងាយឲ្យយើងចំណាំនោះ គឺភពទាំងពីរនេះមានពន្លឺនឹងនរ មិនព្រិចៗដូចជាពន្លឺផ្កាយនានានោះឡើយ។
បន្ថែមពីខាងលើនេះទៀត ភពទាំងពីរនឹងខិតរកគ្នាដោយសន្សឹមៗ ប៉ុន្តែនាចុងខែកញ្ញា ភព Venus នឹងងាកចេញទៅភាគខាងលិចឃ្លាតឆ្ងាយពី Jupiter វិញ។ សម្រាប់ទិសដែលប្រសើរបំផុត ដើម្បីរកមើលភពសៅរ៍ (Saturn) គឺនៅចន្លោះភាគខាងត្បូង និងភាគនិរតីនៃផ្ទៃមេឃ ខណៈភពអង្គារ (Mars) ដែលបញ្ចេញពន្លឺភ្លឺជាងនោះ នឹងបង្ហាញរាងនៅចន្លោះភាគខាងត្បូង និងភាគអាគ្នេយ៍ នៅពេលម៉ោង ៨៖០០នាទីយប់ទៅហ្នឹងអាចមើលឃើញតែម្តង។
គួរជម្រាបថា ភពអង្គារនឹងប្រជែងគ្នាបញ្ចេញពន្លឺ នៅអំឡុងដើមខែកញ្ញា ហើយប្រកួតជាមួយ Sirius ដែលជាផ្កាយភ្លឺចែងចាំងជាងគេបង្អស់រហូតដល់ជិតចុងខែកញ្ញា ប៉ុន្តែខណៈដែលវានឹងបន្តឃ្លាតឆ្ងាយពីផែនដី ពន្លឺរបស់ភព Mars ក៏នឹងមានការថយចុះផងដែរក្នុងខែកញ្ញានេះ ខណៈកាលពីចុងខែកក្កដាកន្លងទៅ វាបានគោចរមកនៅជិតភពផែនដីបំផុត ក្នុងគម្លាតតែជាង ៥៧លានគីឡូម៉ែត្រប៉ុណ្ណោះ។
សម្រាប់ភពពុធ (Mercury) ដែលជាភពតែមួយគត់រះឡើងនាពេលព្រឹកព្រលឹមនេះ យើងអាចក្រលេកឃើញវាបាន នៅចន្លោះភាគខាងកើត និងភាគឦសាននៃផ្ទៃមេឃ ក្នុងអំឡុងសប្តាហ៍ទីមួយនេះនៃខែកញ្ញាតែម្តង។ សម្រាប់ភពសុក្រ ពុធ សៅរ៍ និងព្រហស្បតិ៍ គឺមានពន្លឺពណ៌សដូចគ្នា គ្រាន់តែខ្លាំង និងខ្សោយជាងគ្នាប៉ុណ្ណោះ ប៉ុន្តែភពអង្គារមានពណ៌ទឹកក្រូចប្លែកជាងគេ៕