អង់គ្លេសព្រមាន៖ បណ្តាប្រទេសអឺរ៉ុបទាំងអស់ កំពុងរងការគំរាមកំហែងដោយ ISIS ដែលមកពីអាហ្វហ្គានីស្ថាន...
03-09-2018 16:48
(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក ហ្គាវីន វីលៀមសុន (Gavin Williamson) បាននិយាយថា ប្រទេសរបស់លោក និងបណ្ដាប្រទេសអឺរ៉ុបដទៃទៀត កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីសំណាក់បណ្តាញភេរវករ ISIS មកពីប្រទេសអាហ្វហ្កានីស្ថាន និងក្រុមអ្នកគំាទ្ររបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងប្រាប់សារព័ត៌មាន Sky News ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) លោក Williamson បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមើលឃើញថា ក្រុមភេរវករដែលកំពុងធ្វើសកម្មភាពនៅ អាហ្វហ្គានីស្ថាន មិនមែនមានផែនការគំរាមកំហែងតែប្រទេសអង់គ្លេសតែមួយគត់នោះទេ ប៉ុន្តែគឺពួកគេចង់គំរាមកំហែងអឺរ៉ុបទាំង មូល... ហើយនេះគឺជាអ្វីដែលយើងកំពុងមើលឃើញ»។
គួរបញ្ជាក់ថា លោក Gavin Williamson មិនបានបញ្ជាក់លម្អិតពីការអះអាងរបស់លោកនោះទេ ដោយគ្រាន់តែឱ្យដឹងថា អង់គ្លេសកំពុងធ្វើការងារក្នុងការចាត់វិធានការទប់ស្កាត់ រាល់ការវាយប្រហារទាំងឡាយរបស់ពួក ISIS៕