(រ៉ង់ហ្គូន)៖ អ្នកកាសែត ០២រូប នៃទីភ្នាក់ងារព័ត៌មាន Reuters ដែលបានរងការចោទប្រកាន់ថា បានល្មើសនឹងច្បាប់ចែងពីព័ត៌មានសម្ងាត់ផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងការធ្វើសេចក្តីរាយការណ៍របស់ពួកគេ ជុំវិញអំពើសម្លាប់រង្គាលលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានោះ ត្រូវតុលាការមីយ៉ាន់ម៉ា សម្រេចផ្តន្ទាទោសនាថ្ងៃចន្ទនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ០៧ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០១៨។
ចៅក្រមនៃសង្កាត់ភាគខាងជើងទីក្រុងរ៉ង់ហ្គូន បានប្រកាសថា លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និង ក្យរ អឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ពិតជាបានល្មើសនឹងច្បាប់ចែងពីការការពារព័ត៌មានសម្ងាត់ជាតិមីយ៉ាន់ម៉ា កាលពីសម័យអាណានិគម នៅពេលដែលពួកគេទាំងពីរបានប្រមូល និងទទួលបានព័ត៌មានផ្ទៃក្នុងសំខាន់ៗរបស់ប្រទេសមីយ៉ាន់ម៉ា។
គួរជម្រាបថា នាពេលកន្លងមកនេះអ្នកសារព័ត៌មានទាំង ០២រូប ធ្លាប់បានឆ្លើយប្រាប់តុលាការខាងលើថា មានមន្រ្តីប៉ូលិសមីយ៉ាន់ម៉ា ០២រូប បានប្រគល់ឯកសារមួយចំនួន មកឲ្យពួកគេនៅឯភោជនីយដ្ឋានមួយកន្លែង នៅភាគខាងជើងក្រុងរ៉ង់ហ្គូន មុនពេលអាជ្ញាធរដទៃទៀតបានមកចាប់ឃាត់ខ្លួនអ្នកទាំងពីរ។ ជុំវិញរឿងនេះ សាក្សីជាប៉ូលិសម្នាក់បានអះអាងថា ការជួបគ្នានៅភោជនីយដ្ឋាននាពេលនោះ គឺជាគម្រោងការដែលរៀបចំឡើងជាអន្ទាក់ ដើម្បីរាំងស្កាត់ និងដាក់ពិន័យដល់អ្នកកាសែតទាំង ០២នាក់ ដែលបានរាយការណ៍ពីការសម្លាប់រង្គាលលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា៕