(ហាណូយ)៖ គ្រោះទឹកជំនន់និងបំណាក់ដី ដែលបង្កឡើងពីការធ្លាក់ភ្លៀងខ្លាំង នៅតាមតំបន់ភាគកណ្តាលនិងភាគខាងជើង ប្រទេសវៀតណាម នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានសម្លាប់ជីវិតមនុស្សសរុបដល់១៣នាក់ និងបណ្តាលឲ្យ០៣នាក់បាត់ខ្លួន។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរទប់ស្កាត់និងគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ គ្រោះធម្មជាតិទឹកជំនន់ បានឆក់យកជីវិតមនុស្ស០៩នាក់ និងធ្វើឲ្យបាត់ខ្លួន០៣នាក់ នៅខេត្តភាគកណ្តាល ថាញ់ហូ (Thanh Hoa) ខណៈខេត្តចំនួនបួនទៀត គឺហូបិញ (Hoa Binh) យិនបៃ (Yen Bai) សុនឡា (Son La) និង ឡាងសុន (Lang Son) ដែលនៅប៉ែកខាងជើង សុទ្ធតែមានមនុស្សស្លាប់ម្នាក់។
ក្រៅពីនេះ ទឹកជំនន់និងបំណាក់ដី ក៏បានបំផ្លិចបំផ្លាញលំនៅឋានចំនួន៣៦៤ខ្នង ធ្វើឲ្យខូចខាតដីស្រែ-ចម្ការជាង៦,៥២៣ហិកតា សម្លាប់សត្វគោ-ក្របី៥១២ក្បាល និងបក្សីចិញ្ចឹម៥៦,៣៦៧ក្បាល ព្រមទាំងប៉ះពាល់ដល់ផ្ទៃបឹងវារីវប្បកម្មទំហំ៩៦៣ហិកតា និងទំនប់ទឹកប្រវែង៦២០ម៉ែត្រ រួមជាមួយប្រឡាយប្រមាណ៦,១៧៤ម៉ែត្រ។
គួរជម្រាបថា គិតចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០១៨នេះ គ្រោះធម្មជាតិ ដែលភាគច្រើនក្នុងទម្រង់ជាព្យុះទីហ្វុង ទឺកជំនន់ និងបំណាក់ដី បានសម្លាប់ឬធ្វើឲ្យបាត់ខ្លួនមនុស្ស១៥៣នាក់ និងបង្កឲ្យរបួស១១៩នាក់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈគិតជាទឹកប្រាក់ជាង៣០៤លានដុល្លារ៕