(តូក្យូ)៖ ក្រុមហ៊ុនប្រេងជប៉ុនធំៗត្រូវគេរាយការណ៍ថា កំពុងត្រៀមរៀបចំផ្អាករាល់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់នៅខែតុលាខាងមុខ ដោយសារតែការភ័យខ្លាចការព្រមានរបស់ទីក្រុងវ៉ាស៊ីនតោន ដែលថានឹងដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណា ដែលហ៊ានបន្តនាំចូលប្រេងឆៅរបស់អ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
រដ្ឋាភិបាលទីក្រុងតូក្យូត្រូវគេរាយការណ៍ទៀតថា បាននិងកំពុងស្វែងរកការលើកលែងពីទីក្រុងវ៉ាស៊ីនតោន ដែលនឹងអនុញ្ញាតឲ្យខ្លួនបន្តធ្វើការនាំចូលប្រេងពីអ៊ីរ៉ង់ ប៉ុន្តែខណៈពេលនេះហាក់ដូចជាពុំទទួលបានផលអ្វីឡើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនប្រេងធំៗនៅជប៉ុន ទំនងជាកំពុងរិះរកមធ្យោបាយ ដើម្បីបង្កើនការនាំចូលប្រេងពីកន្លែងផ្សេងជំនួសអ៊ីរ៉ង់វិញ។
គួរជម្រាបថា កាលពីខែឧសភា រដ្ឋបាលអាមេរិកបានសម្រេចដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលធ្លាប់បានបន្ធូរបន្ថយទណ្ឌកម្មទៅលើសាធារណរដ្ឋអ៊ីស្លាមនេះ ហើយទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ទណ្ឌកម្មលើពាណិជ្ជកម្មប្រេងនឹងវិលត្រឡប់មកវិញ នៅដើមខែវិច្ឆិកា និងបានទទូចឲ្យក្រុមហ៊ុនបរទេសនានា បញ្ឈប់ប្រតិបត្តិការនៅអ៊ីរ៉ង់ជាបន្ទាន់បើមិនចង់រងទណ្ឌកម្ម៕