(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានទទួលស្គាល់ថា ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាសាដ ពិតជាបានទទួលជ័យជម្នះនៅក្នុងសង្រ្គាមស៊ីវិល ដែលបានផ្ទុះឡើងកាលពីឆ្នាំ២០១១ យ៉ាងពិតប្រាកដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
ប៉ុន្តែទន្ទឹមគ្នានឹងការអះអាងនេះ លោកប្រមុខការទូតបារាំង ក៏បានសង្កត់ធ្ងន់ផងដែរថា លោក អាសាដ នឹងមានស្វែងរកសន្តិភាពជូនប្រជាជន និងប្រទេសស៊ីរីបានឡើយ បើសិនជាគ្មានដំណោះស្រាយនយោបាយ ក្រោមការជួយជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិទេនោះ។
លោក Le Drian បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង ហ្វ្រង់អាំងទែរ (France-Inter) កាលពីថ្ងៃអាទិត្យ (ម៉ោងនៅប៉ារីស) ដូច្នេះថា «យើងត្រូវតែទទួលស្គាល់ថា មេដឹកនាំស៊ីរីពិតជាបានទទួលជ័យជម្នះនៅក្នុងសង្រ្គាម ប្រាកដមែន... ប៉ុន្តែសន្តិភាពនឹងមិនអាចកើតមានឡើយ បើគ្មានដំណោះស្រាយនយោបាយ ក្រោមជំនួយរបស់សហគមន៍អន្តរជាតិ»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍នោះ លោក Le Drian ក៏បានព្រមានទុកជាមុនផងដែរថា បារាំងរួមទាំងបណ្ដាប្រទេសលោក ខាងលិចនឹងមិនឈរឱបដៃមើលឡើយ បើសិនជាទីក្រុងដាម៉ាស់ ប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិល ខណៈការវាយប្រយុទ្ធនៅក្នុងខេត្ត Idlib អាចនឹងផ្ទុះឡើងជាថ្មីក្រោយរដ្ឋាភិបាលស៊ីរីបង្ហាញការប្ដេជា្ញចិត្តថា នឹងវាយដណ្ដើមយកខេត្តមួយនេះ ពីពួកភេរវករមកវិញឱ្យបាន៕