(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីចិនខាងរកស៊ីលើប្រព័ន្ធ Online (e-commerce) លោក លីវ គាងដុង (Liu Qiangdong) ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនរយៈពេលខ្លីនៅក្នុងទីក្រុង មីននៀផូលីស (Minneapolis) ទាក់ទិននឹងការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសផ្លូវភេទ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាមេរិក លោក Liu Qiangdong ឬគេស្គាល់ថា រីឆាក លីវ (Richard Liu) ដែលជាស្ថាបនិក និង CEO ក្រុមហ៊ុន JD.com ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រ ហើយដោះលែងវិញកាលពីល្ងាចថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក)។ ប៉ុន្តែព្រមពេលជាមួយគ្នា ប៉ូលិសអាមេរិកមិនបានបញ្ជាក់លម្អិតពីការចាប់ខ្លួន ឬការចោទប្រកាន់ណាមួយប្រឆាំងនឹងមហាសេដ្ឋីចិនវ័យ ៤៥ឆ្នាំរូបនេះទេ ខណៈចិន និងសហរដ្ឋអាមេរិក កំពុងមានជម្លោះពាណិជ្ជកម្មនឹងគ្នាស្រាប់។
គួរបញ្ជាក់ថា ក្រុមហ៊ុន JD.com ក៏បានទទួលស្គាល់ចាប់ខ្លួន លោក Liu Qiangdong ផងដែរ ជាមួយការអះអាងថា ការចាប់ខ្លួន CEO រូបនេះពាក់ព័ន្ធនឹងបទល្មើសផ្លូវភេទនៅអំឡុងដំណើរទស្សនកិច្ចពាណិជ្ជកម្មរបស់លោកនៅសហរដ្ឋអាមេរិក គឺជាការភ័ន្ត
ច្រឡំ។ ក្រុមហ៊ុន JD.com គឺជាក្រុមហ៊ុនធំដាប់ទី ២ ខាងលើ Online ហើយគឺជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុន Alibaba៕