អ្នកជំនាញថតបានរូបរណ្តៅដ៏គួរឲ្យចាប់អារម្មណ៍មួយ នៅលើផ្ទៃព្រះច័ន្ទ (Photo inside)
03-09-2018 10:39
(អឺរ៉ុប)៖ អ្នកជំនាញថតរូបឈ្មោះ មីហ្គែល ក្លារ៉ូ (Miguel Claro) បានបញ្ចេញរូបភាពគួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីទិដ្ឋភាពនៅក្បែរតំបន់ប៉ូលខាងត្បូងនៃព្រះច័ន្ទ ហើយក្នុងចំណោមរណ្តៅអាចម៍ផ្កាយជាច្រើន នៅក្នុងរូបភាពនោះ គឺមានរណ្តៅអាចម៍ផ្កាយមួយ មើលទៅលេចធ្លោជាងគេ។ នេះបើតាមការដកស្រង់ការផ្សាយចេញវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
រណ្តៅខាងលើហៅថា The Great Moretus Crater ដែលមានមុខកាត់ប្រវែងប្រមាណ ១១៤គីឡូម៉ែត្រ គឺមានទំហំស្ទើរតែស្មើនឹងកោះធំ Big Island របស់រដ្ឋហាវ៉ៃ នៃសហរដ្ឋអាមេរិក ហើយអ្វីដែលពិសេសទៀតនោះ គឺមានកំពូលខ្ពស់មួយនៅចំកណ្តាល ដែលមានកម្ពស់ ២.១គីឡូម៉ែត្រ។
គួរជម្រាបថា ដោយសារតែវាស្ថិតនៅក្បែរតំបន់គែម (Lunar Limb) នៃផ្ទៃព្រះច័ន្ទដែលបែរមករកផែនដី រណ្តៅដែលមានរាងពិតជារង្វង់នេះ បែរមើលទៅហាក់ដូចជារាងពងក្រពើទៅវិញ។ ឈ្មោះរបស់រណ្តៅអាចម៍ផ្កាយយក្សនេះ ត្រូវបានគេដាក់ឈ្មោះតាមអ្នកប្រាជ្ញផ្នែកគណិតវិទ្យា កាលពីសតវត្សរ៍ទី១៧ ឈ្មោះ Theodorus Moretus៕