(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រី​​ការពារជាតិ​អាមេរិក​លោក ឡេអន ផេណេតតា (Leon Panetta) បាននិយាយថា ជំនួបកំពូលរវាង​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ក្នុងប្រទេស​សិង្ហបុរីកាលពីខែមិថុនា​កន្លងទៅ មិនបានទទួល​ជោគជ័យ​ដូចលោក ត្រាំ អះអាង​ឡើយ​បើទោះជា​ទីក្រុងព្យុងយ៉ាងផ្អាកការធ្វើតេស្ដ​មីស៊ីល និងនុយក្លេអ៊ែរក៏ដោយ។ នេះបើតាម ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Japan Times នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។

លោក​ Leon Panetta ធ្វើការកត់សម្គាល់​បែបនេះ​ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ​ទូរទស្សន៍ ABC កាល​ពីថ្ងៃអាទិត្យ (ម៉ោង​នៅក្នុងតំបន់)។ លោក Panetta បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមាន​ការព្រួយបារម្ភជាខ្លាំង​ ចំពោះស្ថានភាព​បច្ចុប្បន្ន ព្រោះ​ខ្ញុំគិតថា យើងបានបរាជ័យ​នៅក្នុងកិច្ចប្រជុំកំពូលជា​មួយលោក គីម ជុងអ៊ុន»។ លោក Panetta បន្ថែមទៀតថា «ជំនួបរវាង​លោក ត្រាំ និង​លោក គីម សម្រេចបាន​ត្រឹមតែការ​ចាប់ដៃគ្នា និងប្រើពាក្យល្អៗ​ដាក់គ្នាតែប៉ុណ្ណោះ ប៉ុន្តែបើមើលពី​ទីតាំង​អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង​នៅតែមានសកម្មភាពនៅឡើយ ហើយតម្រូវ​ការចាំបាច់ដទៃ​ទៀត នៅមុនកិច្ចប្រជុំនេះ​ក៏មិនទាន់​សម្រេច​បានដែរ»

គួរបញ្ជាក់ថា បើតាម​លោក Leon Panetta ដែលជាអតីតរដ្ឋមន្ត្រី​ការពារជាតិ និងនាយក CIA ក្រោមរដ្ឋបាល​អតីតប្រធានាធិបតីអាមេរិក​លោក បារ៉ាក់ អូបាម៉ា កិច្ចប្រជុំរវាង​លោក ត្រាំ និងលោក គីម មិនត្រឹមតែជាកិច្ចរវាង​មនុស្សពីរនាក់​នោះទេ តែវាគឺជា​កិច្ចប្រជុំកំពូលរវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង។

តែយ៉ាងណា​ក៏ដោយ​ការលើកឡើងបែបនេះ គឺផ្ទុយទាំងស្រុង​ទៅនឹង​លោក ដូណាល់ ត្រាំ ដែលធ្លាប់អួត​ជារឿយៗថា លោកបាន​ទទួលជោគជ័យនៅក្នុង​ជំនួបជាមួយលោក គីម ដោយអះអាងថា លោកប្រើពេល​តែបីខែអាចឱ្យទីក្រុង​ព្យុងយ៉ាង​បញ្ឈប់ការធ្វើ តេស្ដមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ ខណៈប្រធានាធិបតី​អាមេរិកមុនៗ​ចាយពេលជាង ៣០ឆ្នាំ តែមិនអាច​ធ្វើដូច​លោក៕