(សេអ៊ូល)៖ វិមានប្រធានាធិបកូរ៉េខាងត្បូង Blue House បានប្រកាសឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិបស់លោកប្រធានាធិបតី មូន ជែអ៊ីន នឹងធ្វើដំណើរក្នុងនាមជាបេសកជនពិសេស ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីកំណត់ថ្ងៃជាក់លាក់ សម្រាប់ជំនួបកំពូលលើកទីបីរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៨។
លោក Chung Eui-yong ដែលជាប្រធានការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នឹងដឹកនាំគណៈប្រតិភូពិសេស ដែលរួមមានសមាសភាពមន្រ្តីចំនួន០៥រូប ដើម្បីធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានីព្យុងយ៉ាង នៃប្រទេសកូរ៉េខាងជើង នាថ្ងៃពុធសប្តាហ៍ក្រោយនេះ។
គួរជម្រាបថា បេសកឮជនពិសេសរបស់លោក មូន នឹងជួបពិភាក្សាស៊ីជម្រៅជាមួយក្រុមមន្រ្តីកូរ៉េខាងជើង ដែលរួមការជជែកអំពីកាលបរិច្ឆេទកំណត់ជាក់លាក់ សម្រាប់កិច្ចប្រជុំកំពូលជាថ្មីម្តងទៀត រវាងលោក មូន ជែអ៊ីន និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រូវបានប្រកាសថា នឹងប្រព្រឹត្តទៅនាខែកញ្ញានេះ នៅឯរដ្ឋធានីព្យុងយ៉ាង៕