(តូក្យូ)៖ ព្យុះទីហ្វុងឈ្មោះថា Jebi ដែលកកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក កំពុងធ្វើដំណើរឆ្ពោះមកចំប្រទេសជប៉ុន ដោយនឹងនាំយកមកជាមួយនូវទឹកភ្លៀងជោគជាំ ព្រមទាំងខ្យល់បោកបក់ខ្លាំងក្លា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០១៨។
បច្ចុប្បន្ន ព្យុះទីហ្វុង Jebi ដែលនឹងមកវាយប្រហារដល់ប្រទេសជប៉ុន នាអំឡុងដើមសប្តាហ៍ក្រោយនេះ កំពុងធ្វើដំណើរក្នុងល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្លាំងខ្យល់បក់ដល់ទៅ២៧៤គីឡូម៉ែត្រក្នុងម៉ោង។ Jebi បានលេចចេញជារូបរាងឡើងនៅភាគខាងកើតកោះហ្គាំ លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៧ ខែសីហា ហើយវាបានវិវត្តន៍ខ្លួនពីព្យុះកម្រិតទាប Category 1 ទៅជាកម្រិត Category 5 ដ៏មានឥទ្ធិពលបំផុត កាលពីប៉ុន្មានថ្ងៃមុន ខណៈព្យុះទីហ្វុងនេះ បច្ចុប្បន្នត្រូវគេចាត់ទុកថា ជាព្យុះដ៏ខ្លាំងបំផុតលើផែនដីប្រចាំឆ្នាំ២០១៨។
គួរជម្រាបថា ឥឡូវនេះ ព្យុះ Jebi ស្ថិតនៅចម្ងាយជាង៤៨០គីឡូម៉ែត្រភាគពាយ័ព្យកោះ Saipan របស់អាមេរិក និងកំពុងឆ្ពោះទៅភាគពាយ័ព្យ ប៉ុន្តែបើតាមគំរូម៉ូដែលប្រព័ន្ធកុំព្យូទ័រ ព្យុះនេះនឹងងាកទៅទិសខាងកើត នាដើមសប្តាហ៍ក្រោយ ដែលមានគោលដៅឆ្ពោះទៅចំទីក្រុងក្យូតូ (Kyoto) ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ប្រជាជនជប៉ុនប្រហែល២០,០០០នាក់ ក៏ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួន មុនការមកដល់នៃព្យុះកំណាច Jebi ផងដែរ ខណៈចំនួនអ្នកជម្លៀសខ្លួនអាចនឹងកើនឡើងថែមទៀត៕