(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វាពុំមានភាពចាំបាច់ផ្នែកនយោបាយអ្វី ដើម្បីត្រូវតែទុកប្រទេសកាណាដា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ហៅកាត់ថា NAFTA ថ្មីនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២១០៨។
លោក ត្រាំ បានលើកឡើងនៅលើប្រព័ន្ធ Twitter ថា ប្រសិនបើ សហរដ្ឋអាមេរិកមិនអាចសម្រេចបានកិច្ចព្រមព្រៀងថ្មីដែលស្មើភាពទេនោះ កាណាដានឹងត្រូវតែខ្ទាតចេញ។ លោកប្រធានាធិបតីអាមេរិក បានបន្តប្រទេសរបស់lok ធ្លាប់មានភាពប្រសើរជាងនេះឆ្ងាយ នៅពេលមិនទាន់មានកិច្ចព្រមព្រៀង NAFTA ពោលគឺអាមេរិកមិនគួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទាល់តែសោះ។ លោក ត្រាំ បានបញ្ជាក់ទៀត ជម្រើសមានពីរ គឺបង្កើតកិច្ចព្រមព្រៀងថ្មី ឬលុបកិច្ចព្រមព្រៀងនេះចោលវិញ។
សម្តីរបស់លោក ត្រាំ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដា មិនទាន់អាចឯកភាពគ្នាទាំងស្រុង នៅលើការកែប្រែកិច្ចព្រមព្រៀង NAFTA ដោយសារនៅតែមានការខ្វែងគំនិតគ្នាជាច្រើន នៅក្នុងកិច្ចពិភាក្សាទ្វេភាគី។
គួរជម្រាបថា សេតវិមាននាពេលកន្លងមកនេះ បានដាក់សម្ពាធចង់បង្ខំឲ្យកាណាដា ទទួលយកកិច្ចព្រមព្រៀងបឋម ដែលអាមេរិកសម្រេចបានជាមួយម៉ិចស៊ីកូកាលពីដើមសប្តាហ៍នេះ ដើម្បីកែសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគី NAFTA ក៏ប៉ុន្តែកាណាដា បានទទូចថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ប្រសិនបើវាល្អសម្រាប់ខ្លួន។ ដូច្នេះហើយ វាមិនទាន់ច្បាស់នៅឡើយទេថា តើអាមេរិកនិងកាណាដា នឹងដោះស្រាយបញ្ហានេះបាន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខដែរឬយ៉ាងណា៕