(វ៉ាស៊ីនតោន)៖ កន្លងមកសហរដ្ឋអាមេរិកបានសម្រេចផ្អាកជំនួយយោធា ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១៩៥លានដុល្លារអាមេរិកពីប្រទេសអេហ្ស៊ីប ដើម្បីការឆ្លើយតបការបង្កើតកិច្ចសហប្រតិបត្តិការរវាងអេហ្ស៊ីប ជាមួយប្រទេសកូរ៉េខាងជើង និងវិធានការបង្ក្រាបរបស់ប្រធានាធិបតី លោក ស៊ីស៊ី (Sisi) ទៅលើក្រុមសង្គមស៊ីវិល។ មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងបានដាក់លក្ខខណ្ឌមួយចំនួន ទៅលើប្រទេសដែលខ្លួនចោទថាផ្ដាច់ការមួយនេះ ដែលក្នុងនោះមានដូចជា ការបង្ខំឱ្យបញ្ឈប់ទំនាក់ទំនងកាទូតជាមួយប្រទេស កូរ៉េខាងជើងជាដើម។
ប៉ុន្តែថ្មីៗកន្លងទៅនេះរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បែរជាផ្លាស់ប្តូរឥរិយាបថ ដោយបានប្រកាសថា ខ្លួននឹងផ្ដល់ជំនួយដល់អេហ្ស៊ីបវិញ បើទោះបីជារដ្ឋាភិបាលលោក SiSi មិនបានបំពេញតាមលក្ខខណ្ឌដែលបានកំណត់ក្តី ដោយបានបញ្ជាក់ថា ការរឹតបន្តឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអេហ្ស៊ីប ជារឿងសំខាន់សម្រាប់សន្តិសុខអាមេរិក។ តើហេតុផលនេះវាគ្រប់គ្រាន់ដែរឬទេ? ហេតុអ្វីបានជាអាមេរិកបែរជាផ្លាស់ប្តូរភ្លាម ដោយមិនបន្តដាក់សម្ពាធលើរដ្ឋាភិបាលអេហ្ស៊ីប ដែលជារបបខ្លួនចោទថាផ្ដាច់ការ តែជាបន្តផ្ដល់ជំនួយទៅវិញ?
១៖ ប្រសិនបើសហរដ្ឋអាមេរិកមិនផ្តល់ជំនួយនោះ អេហ្ស៊ីបអាចនឹងងាកទៅរករុស្ស៊ី ដោយឡែកទំនាក់ទំនងសន្តិភាពរវាងអេហ្ស៊ីប-អ៊ីស្រាអែល ក៏អាចប្រឈមមុខនឹងគ្រោះថ្នាក់
អេហ្ស៊ីបកំពុងប្រើប្រាស់មធ្យោបាយ ញុះញង់ឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ីប្រជែងគ្នាទៅវិញទៅមក ដើម្បីបង្កើនអានុភាពរៀងៗ។ អេហ្ស៊ីបប្រើប្រាស់យុទ្ធសាស្ត្រកំញើញ ដោយចង់ដោះដៃពីអាមេរិកសហរដ្ឋអាមេរិក ហើយឈោងចាប់រុស្ស៊ី។ តែអេហ្ស៊ីបនឹងបន្តធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានអ្វីដែលខ្លួនមិនអាចយកបាន ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជាក់ស្តែងដូចជាគ្រឿងសព្វាវុធផ្សេងៗជាដើម និងដើម្បីទទួលបានឱកាសចូលទៅកាន់ទីផ្សារអន្ដរជាតិ ស្របពេលដែលខ្លួនក៏កំពុងរក្សាទំនាក់ទំនងល្អ ជាមួយរដ្ឋាភិបាលក្រឹមឡាំង ដើម្បីពង្រឹងជំហរក្នុងការចរចាសន្តិភាព។
បើនិយាយពីសន្ធិសញ្ញាសន្តិភាពរវាងអេហ្ស៊ីប និងអ៊ីស្រាអែលអាមេរិកហាក់លែងមានប្រយោជន៍សម្រាប់អេហ្ស៊ីបទៀតហើយ អេហ្ស៊ីបមិនត្រូវការកិច្ចអន្តរគមន៍ ឬសម្របសម្រួលពីអាមេរិកទៀតនោះទេ។ មូលហេតុអេហ្ស៊ីប មិនមានចំណាប់អារម្មណ៍ ក្នុងការប្រឈមមុខជាមួយអ៊ីស្រាអែលតទៅទៀត។ ផ្ទុយទៅវិញអ៊ីស្រាអែលអាចក្លាយជាដៃគូមួយក្នុងតំបន់ ដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលក្រុងគែរ។
២៖ ការដាក់សម្ពាធលើអេហ្ស៊ីប គ្មានប្រសិទ្ធភាពដូចការផ្ដល់ជំនួយឡើយ
ថ្មីៗនេះការផ្អាកជំនួយអាមេរិក ជំរុញឱ្យរដ្ឋាភិបាលអេហ្ស៊ីបចាប់ផ្តើមសើរើឡើងវិញនូវរឿងក្ដីកាលពីឆ្នាំ២០១៣ កន្លងទៅនេះ ព្រមទាំងបានបង្កើតទំនាក់ទំនងល្អ ជាមួយកូរ៉េខាងជើងថែមទៀតផង។ ការដាក់គំនាប ដោយការផ្អាកជំនួយជាដើម ដើម្បីផ្លាស់ប្តូរឥរិយាបថមេដឹកនាំអេហ្ស៊ីបជារឿងមួយ ដែលត្រូវខាតពេលវេលាច្រើន។ ហេតុនេះជំនួសអោយការដាក់ទណ្ឌកម្មដែលមិនសូវទទួលបានផលចំណេញ អាមេរិកសម្រេចប្រើប្រាស់ធម៌ត្រជាក់ដោយការផ្ដល់ជំនួយជំនួសវិញ។
ទី៣៖ សហរដ្ឋអាមេរិកផ្ដល់ជំនួយដល់អេហ្ស៊ីប ដើម្បីទទួលបានសិទ្ធិសំខាន់ៗ ដូចជាការឆ្លងកាត់ព្រែកជីកស៊ុយអេ និងសិទ្ធិហោះហើរលើដែនអាកាសអេហ្ស៊ីបជាដើម
ការផ្ដល់ជំនួយខាងលើនេះ បានផ្ដល់ឱកាសដល់កងនាវាជើងទឹកអាមេរិក ទទួលបានសិទ្ធិក្នុងការឆ្លងកាត់ព្រែកជីកស៊ុយអេ ដែលជាច្រកនាវាដ៏សំខាន់សម្រាប់អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។ ជាមួយគ្នានេះដែរ អេហ្ស៊ីបមិនបានគិតប្រាក់ពីសហរដ្ឋអាមេរិក លើថ្លៃបើកបរយន្តហោះឆ្លងកាត់ដែនអាកាសរបស់ខ្លួនដូចគ្នា។ ប៉ុន្តែសិទ្ធិក្នុងការឆ្លងកាត់ដែនអាកាសអេហ្ស៊ីប ហាក់មិនសូវមានអត្ថប្រយោជន៍ច្រើនដូចមុនឡើយ បន្ទាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងដកកងកម្លាំងសហរដ្ឋអាមេរិកពីក្នុងតំបន់ ហើយកងទ័ពអាមេរិកងាកទៅពឹងផ្អែកកាន់តែខ្លាំង ទៅលើមូលដ្ឋានអាកាស យូដេដ (Udeid) នៅប្រទេសកាតាជំនួសវិញ។
ទី៤៖ អេហ្ស៊ីបត្រូវការជំនួយ ១,៣ពាន់លានដុល្លារជាចាំបាច់ សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅតំបន់ស៊ីណៃ
យោធាអេហ្ស៊ីបបាន និងកំពុងតស៊ូដើម្បីកម្ចាត់ក្រុមឧទ្ទាមចំនួន ១,០០០នាក់ ដែលជាបណ្ដាញនៃរដ្ឋអ៊ីស្លាម និងមានមូលដ្ឋាននៅតំបន់ស៊ីណៃ អស់រយៈពេល០៥ឆ្នាំមកហើយ។ យុទ្ធនាការយោធា បានបរាជ័យដោយមិនអាចបង្រ្កាបពួកសកម្មប្រយុទ្ធបានឡើយ។ ឆ្នាំ២០១៧ ត្រូវបានចាត់ទុកជាឆ្នាំបង្ហូរឈាមដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្រ្តអេហ្ស៊ីបសម័យទំនើប ព្រោះមានមនុស្សស្លាប់ច្រើនបំផុតដោយសារភេវរកម្ម។ អេហ្ស៊ីបត្រូវការជំនួយជាចាំបាច់ពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈម ប៉ុន្តែអ្វីដែលត្រូវការ គឺការបណ្តុះបណ្តាលបែបយុទ្ធសាស្ត្រ មិនមែនអាវុធនោះទេ។
ការពិតទៅប្រទេសអេហ្ស៊ីបមានអាវុធគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងពួកឧទ្ទាមរដ្ឋឥស្លាម។ ប៉ុន្តែអ្វីដែលជាបញ្ហាពិតប្រាកដ គឺយោធាអេហ្ស៊ីបមិនទាន់មានភាពស្ទាត់ជំនាញ ក្នុងការប្រើប្រាស់អាវុធទំនើបៗទំាងនោះទេ។ ជំនួសឱ្យការទទួលយកយុទ្ធសាស្ដ្រទំនើប មានប្រសិទ្ធភាពដើម្បីកម្ចាត់ពួក IS ចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី កងកម្លាំងប្រដាប់អាវុធរបស់អេហ្ស៊ីប បែរជាបន្តពឹងផ្អែកលើយុទ្ធសាស្រ្តសាមញ្ញៗ ដោយការដឹកនាំកម្លាំងដ៏លើសលប់ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ដែលបានបង្កប់នៅក្នុងសហគមន៍ តែគ្មានប្រសិទ្ធភាពទាល់តែសោះ។
យុទ្ធសាស្ត្របែបនេះមិនត្រឹមតែមិនជោគជ័យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីណៃថែមទៀត។ ហើយជ័យជម្នះប្រឆាំងនឹងពួករដ្ឋឥស្លាម គឺជារឿងមិនអាចទៅរួចទេ។ ហេតុនេះហើយបានជារហូតមកទល់ពេលនេះ អេហ្ស៊ីបនៅតែត្រូវការប្រាក់ច្រើនសន្ធឹកសន្ធាប់ ដើម្បីទប់ទល់នឹងពួកឧទ្ទាមទាំងនោះ។ ទាំងនេះជាមូលហេតុដែលជំរុញឱ្យអាមេរិក ផ្ដល់ជំនួយដល់រដ្ឋាភិបាលអេហ្ស៊ីបដែលខ្លួនចោទថា ផ្ដាច់ការ បើទោះបីជាអេហ្ស៊ីបមិនបានបំពេញតាមលក្ខខណ្ឌ ដែលអាមេរិកបានកំណត់ទុកក្តី៕
ប្រភព៖ Reuters
បកប្រែ និងសម្រួល៖ អ៊ឹត ចណ្ណា