(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញការសោកស្ដាយជាពន់ពេក ចំពោះការសម្រេចចិត្តកាត់ផ្ដាច់ជំនួយដល់ទីភ្នាក់ងារ UN សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន របស់សហរដ្ឋអាមេរិក។ នេះបើតាមអ្នកនាំពាក្យអគ្គលេខាធិការ UN ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Stephane Dujarric ជាអ្នកនាំពាក្យលោក Guterres បានបញ្ជាក់ថា លោកអគ្គលេខាធិការ UN ពិតជាសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក។ លោកបន្ថែមថា ទីភ្នាក់ងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ UNRWA គឺជាទីភ្នាក់ងារដ៏មានសារៈសំខាន់ក្នុងការផ្ដល់ជំនួយចាំបាច់នានា ដល់ជនភៀសខ្លួនប៉ាឡេស្ទីន និងចូលរួមចំណែកក្នុងការរក្សាស្ថេរភាព នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តផ្ដាច់រាល់ជំនួយទាំងអស់សម្រាប់ប៉ាឡេស្ទីន តបតាមការចង់បានរបស់លោក ដូណាល់ ត្រាំ ដែលបានអះអាងថា ប៉ាឡេស្ទីនខ្វះការប្ដេជ្ញាចិត្ត ក្នុងការចរចាស្វែងរកសន្តិភាពជាមួយអ៊ីស្រាអែល បើទោះជាមានជំនួយពីសហរដ្ឋអាមេរិកក៏ដោយ។
ទីភ្នាក់ងារ UNRWA កំពុងគ្រប់គ្រងសាលារៀនជាង ៧០០កន្លែង សម្រាប់កុមារប៉ាឡេស្ទីន ៥២៥,០០០នាក់ និងកំពុងផ្ដល់ជំនួយសុខាភិបាលដល់ជនភៀសខ្លួនជិត ៣.៥លាននាក់ តាមរយៈគ្លីនិកចំនួន ១៥០៕