(ញូដេលី)៖ មហិច្ចតាធំមួយរបស់ប្រទេសឥណ្ឌា នោះគឺការនាំអវកាសយានិកដោយផ្ទាល់ដៃខ្លួនឯងឡើងទៅកាន់ទៅទីអវកាស នៅឆ្នាំ២០២២ខាងមុខនេះ ហើយបើសម្រេចបានតាមការគ្រោងទុកនោះ មហាយក្សនេះនឹងក្លាយជាប្រទេសទីបួននៅលើពិភពលោកដែលសម្រេចបានជោគជ័យនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នារសៀលថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។
តាមការផ្សាយរបស់កាសែត Hindustan Times របស់ឥណ្ឌា កាលបរិច្ឆេទនៃការសម្រេចជោគជ័យខាងលើនេះ គឺត្រូវបានកំណត់ដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ប៉ុន្តែក្រុមការងាររបស់ស្ថាប័នជាតិនេះ បានធ្វើការងាររបស់ខ្លួនពាក់ព័ន្ធនឹងគំរោងបញ្ជូនមនុស្សទៅទីអវកាស តាំងតែពីឆ្នាំ២០០៤មកម្ល៉េះ ហើយពេលនេះ ISRO ហ៊ានធានាអះអាងថា ខ្លួនគ្មានបញ្ហានោះឡើយចំពោះកាលបរិច្ឆេទខាងលើនេះ។
កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានថ្លែងយ៉ាងឱឡារឹកថា «ប្រទេសរបស់យើងបានធ្វើដំណើរទៅមុខដ៏អវកាសនៅក្នុងវិស័យអវកាស។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្ររបស់យើងមានក្តីសង្ឃឹម។ នៅឆ្នាំ២០២២ខាងមុខនេះដែលជាខួបទី ៧៥ឆ្នាំ នៃឯករាជ្យភាពរបស់ឥណ្ឌា ជនជាតិឥណ្ឌាជាបុរស ឬក៏ស្ត្រីមួយរូបនឹងឡើងទៅកាន់ទីអវកាស ជាមួយនឹងទង់ជ័យរបស់យើងនៅក្នុងដៃ...»។
នៅឆ្នាំ២០២០ ក្រុមការងារអវកាសឥណ្ឌា នឹងធ្វើការបាញ់បង្ហោះយានតែមិនមានផ្ទុកអវកាសយានិកនោះឡើយ ទៅកាន់ទីអវកាសដើម្បីជាការធ្វើតេស្តសមត្ថភាព និងប្រព័ន្ធសុវត្ថិភាព មុខនឹងធ្វើការបញ្ជូនមនុស្សទៅតែម្តងនៅក្នុងឆ្នាំ២០២២ ខណៈដែលគ្រាប់រ៉ុក្កែតសម្រាប់បំពេញបេសកកម្មជាប្រវត្តិសាស្ត្រនេះ គឺ GSLV MK III កំពុងត្រូវបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។
គួរបញ្ជាក់ថា មហាយក្សឥណ្ឌាមិនខុសពីមហាយក្សចិននោះឡើយ ប៉ុន្មានឆ្នាំចុងក្រោយនេះហាក់បង្ហាញនូវសន្ទុះយ៉ាងខ្លាំង នៅក្នុងការស្រាវជ្រាវទីអវកាសដូចជាឥណ្ឌា ដែលបានបញ្ជូនយាន ទៅថតភពព្រះអង្គារបានសម្រេចជោគជ័យ និងបានបាញ់បង្ហោះផ្កាយរណបរាប់រយគ្រឿងដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈចិនវិញមានការសិក្សាអំពីទីអវកាស ព្រមទាំងការគំរោងធំៗក្នុងការស្រាវជ្រាវឋានព្រះច័ន្ទជាដើម៕