(ម៉ូស្គូ)៖ ក្រសួង​សុខាភិបាល​រុស្ស៊ីបានឱ្យដឹងថា អ្នករងគ្រោះរបួស​ទាំងអស់​នៅក្នុងហេតុការណ៍​ យន្ដហោះដឹកអ្នកដំណើរ​មួយគ្រឿង រអិលចេញពីផ្លូវ និងឆាបឆេះ​បានទទួលព្យាបាល​ពិសេស ខណៈក្រុមក្រុម​គ្រូពេទ្យ កំពុងតាមដាន​ស្ថានភាព​របស់ពួកគេ​យ៉ាងយកចិត្ត​ទុកដាក់។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរ​រុស្ស៊ី​នៅព្រឹកថ្ងៃសៅរ៍នេះ យន្ដហោះដឹកអ្នក​ដំណើរមួយគ្រឿងរបស់​ក្រុមហ៊ុន​អាកាសចរណ៍ សាយប៊ែរៀន អ៊ែរឡាញ អូតៃ (Siberian airline Utair) បានរអិលចេញពីផ្លូវ នៅអំឡុងពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Sochi ដោយបណ្ដាលឱ្យមានភ្លើងឆេះ​ផងដែរ ប៉ុន្តែ​មិនមានអ្នកបាត់បង់​ជីវិតនោះទេ។

ក្រសួងសុខាភិបាល​រុស្ស៊ីបានឱ្យដឹង​យ៉ាងដូច្នេះថា «នៅក្នុងចំណោម​មនុស្ស ១៨នាក់ ដែលរងរបួស​ក្នុងនោះមានទាំង​កុមារបីនាក់ បានទទួលការព្យាបាល​ពិសេស ហើយគ្មាននរណាម្នាក់​បាត់បង់ជីវិត​នោះទេ។ ពោលគឺ​អ្នកដំណើរ​ទាំងអស់ ១៦០នាក់ ជិះនៅលើយន្ដហោះ​នេះត្រូវបានជម្លៀស​ដោយ​សុវត្ថិភាព»

គួរជម្រាបថា កាលពីដំបូង​ឡើយអាជ្ញាធររុស្ស៊ីបាន​អះអាងថា មានមនុស្ស ០៦នាក់រងរបួស ហើយយន្ដហោះ​ខាងលើមានផ្ទុក​មនុស្ស ១៦៤នាក់ ក្នុងនោះមាន ០៦នាក់ជាអាកាសយាននិក៕