(សេអ៊ូល)៖ ក្រសួងការបរទេសអាមេរិកបានចេញបញ្ជាថ្មីមួយ ដោយនៅតែបន្តហាមឃាត់ប្រជាជនអាមេរិកទាំងអស់ក្នុងការធ្វើ ដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាជនអាមេរិកទាំងអស់ មិនត្រួវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងឡើយ ដោយសារតែអាច ប្រឈមុខនឹងហានិភ័យខ្ពស់នៃចាប់ខ្លួន និងឃុំខ្លួនរយៈពេលពីសំណាក់អាជ្ញាធរទីក្រុងព្យុងយ៉ាង»។
ក្រសួងការបទេសអាមេរិកបានបន្ថែមទៀតថា ប្រជាជនអាមេរិកមិអាចប្រើប្រាស់លិខិតឆ្លងដែនអាមេរិក ដើម្បីធ្វើដំណើរទៅកាន់ ឬឆ្លងកាត់ប្រទេសកូរ៉េខាងជើងនោះទេ បើគ្មានការអនុញ្ញាតពិសេសពីក្រសួង។
គួររំលឹកថា បម្រាបហាមឃាត់ប្រជាជនអាមេរិកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ត្រូវបានដាក់ចេញពីឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីនិសិ្សតអាមេរិកម្នាក់ឈ្មោះ អូតតូ វ៉ាមបាយអឺ (Otto Warmbier) បានបាត់បង់ជីវិតកាលពីខែមិថុនា ឆ្នាំ២០១៧ ក្រោយត្រូវអាជ្ញាធរទីក្រុងព្យុងយ៉ាង ដោះលែងឱ្យមានសេរីភាពពីការជាប់ឃុំ អស់ជាច្រើនខែនៅកូរ៉េខាងជើង៕