(អាមេរិក)៖ ក្រុមការងាររបស់អង្គការ NASA ដែលកំពុងគ្រប់គ្រងបេសកកម្មយានទាំងឡាយនៅលើភពអង្គារនោះបានអះអាងថា យានរុករក Opportunity ដែលបានគាំងដំណើរការជាច្រើនសប្តាហ៍មកហើយ ដោយសារតែព្យុះធូលីដ៏អាក្រក់លើភពអង្គារនោះអាចនៅមានជីវិតនៅឡើយទេ ប៉ុន្តែគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីទទួលដំណឹងអំពីវា។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។
ព័ត៌មានបានបន្តទៀតថា ប្រសិនបើយាន Opportunity Mars Rover នៅមានដំណើរការនោះ យើងនឹងអាចទទួលបានដំណឹងពីវានៅក្នុងពេលឆាប់ៗ ព្រោះយាននេះមានប្រព័ន្ធក្នុងការសម្អាតធូលី និងស្រូបកម្តៅព្រះអាទិត្យដើម្បីដំណើរការតួម៉ាស៊ីនឡើងវិញ ខណៈដែលស្ថានការណ៍ព្យុះធូលីបានស្ងប់ស្ងាត់មួយរយៈទៅហើយ នៅលើភពក្រហមដ៏គ្រោះថ្នាក់នោះ។
បន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើយាន Opportunity បានចាប់ផ្តើមគ្របដណ្តប់ដោយធូលីចាប់តាំងពីថ្ងៃទី១០ ខែមិថុនាមកម្ល៉េះ នៅពេលដែលព្យុះធូលីរំកិលដល់តំបន់ដែលយាននេះកំពុងស្ថិតនៅ គឺស្ថិតនៅក្នុងរណ្តៅ Endeavour Crater ដែលមានមុខកាត់រហូតដល់ទៅ ២២គីឡូម៉ែត្រ ស្ថិតនៅបណ្តោយជ្រលង Perseverance Valley ដែលងងឹត។
សម្រាប់ព្យុះធូលីបានរាលដាលលើផ្ទៃភពអង្គារកាន់តែខ្លាំង នៅថ្ងៃទី២០ ខែមិថុនា ប៉ុន្តែវាបានសាបសូន្យទៅវិញទាំងស្រុងតែម្តង កាលពីចុងខែកក្កដាកន្លងទៅនេះ។ ទោះបីជាបែបនេះក្តី ជាង១ខែទៅហើយព័ត៌មានអំពីយាន Opportunity នៅតែមិនមានការបញ្ជាក់ឲ្យដឹងនោះឡើយ ប៉ុន្តែក្រុមការងារអង្គការ NASA ជឿជាក់ថា យាននេះនៅតែអាចដំណើរបន្តទៅមុខទៀត គ្រាន់តែយើងត្រូវរង់ចាំការផ្តល់រលកសញ្ញាពីវា នៅក្នុងពេលឆាប់ៗខាងមុខប៉ុណ្ណោះ។
គួរបញ្ជាក់តាមការបញ្ជាក់ពីក្រុមជំនាញរបស់ NASA ពន្លឺព្រះអាទិត្យនៅតែពិបាកឆ្លងកាត់អ័ព្ទ-ធូលីដី ដើម្បីចូលទៅដល់ជ្រលង Perseverance Valley ដែលងងឹត ប៉ុន្តែនៅពេលដែលធូលីថមថយបន្តិចនោះ ពន្លឺព្រះអាទិត្យនឹងអាចជះចូលទៅក្នុងជ្រលងគ្រប់គ្រាន់ ហើយយាន Opportunity នឹងអាចស្រូបពន្លឺព្រះអាទិត្យ ដើម្បីដំណើរការតួម៉ាស៊ីនឡើងវិញ៕