(ន័រវេស)៖ គណៈកម្មាធិការ​ពានរង្វាន់​ណូបែល ក្នុងប្រទេសន័រវេស បាននិយាយថា របាយការណ៍ UN ​ស្ដីពីការប្រល័យ​ពូជសាសន៍​លើជនជាតិ​រ៉ូហ៊ីងយ៉ា នៅរដ្ឋរ៉ាឃីន (Rakhine) ប្រទេសមីយ៉ាន់ម៉ា​មិនមាន​លក្ខណៈគ្រប់គ្រាន់​ ដើម្បីឱ្យគណៈកម្មាធិការ​មួយនេះ ដកហូតពានរង្វាន់ណូបែល​សន្តិភាពពី​លោកស្រី អោង សានស៊ូជី នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។

លោកស្រី អោងសាន ស៊ូជី បានទទួលពានរង្វាន់​ណូបែលសន្តិភាព​នៅក្នុងឆ្នាំ១៩៩១ សម្រាប់កិច្ចខិតខំប្រឹងប្រែង​តស៊ូ ប្រឆាំងនឹង​អតីតរបបដឹកនាំយោធា​មីយ៉ាន់ម៉ា ដើម្បីសន្តិភាព អហិង្សា និងប្រជាធិបតេយ្យ ហើយលោកស្រីបា​នក្លាយជានិមិត្តរូបនៃ លិទ្ធិប្រជាធិបតេយ្យ​ទំាងនៅលើឆាក​អន្តរជាតិ និងនៅក្នុងប្រទេស​មីយ៉ាន់ម៉ា។

ប៉ុន្តែ​បន្ទាប់ពីអំពើហិង្សានៅក្នុងរដ្ឋ Rakhine ផ្ទុះឡើងកាលពី​ខែសីហា ឆ្នាំ២០១៧ ដែលបណ្ដាលឱ្យ​ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា​រាប់ពាន់នាក់​បាត់បង់ជីវិត និងជាង ៧០០,០០០នាក់ រត់ភៀសខ្លួន​ទៅកាន់ប្រទេស​បង់ក្លាដែស ប្រជាប្រិយភាព​របស់លោក​ស្រី ស៊ូជី បានធ្លាក់ចុះយ៉ាង​គំហុកដោយ​ថែម ទាំងមានខ្លះ​ស្នើឱ្យគណៈកម្មាធិការ​ពានរង្វាន់ណូបែល ដកហូតពាន​រង្វាន់ណូបែលសន្តិសភាព​ពីលោកស្រី​ទៀតផង។

លើសពីនេះ​ទៅទៀត របាយការណ៍ UN​ ចេញផ្សាយកាលពី​ថ្ងៃចន្ទកន្លងទៅ ក៏បានថ្កោលទោស​លោកស្រីផងដែរថា មិនបានប្រើ​ប្រាស់តួនាទីជា​ទីប្រឹក្សារដ្ឋ ប្រឹងប្រែង​ដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា​នោះទេ តែបែរជា​គាំទ្រប្រតិបតិ្តការយោធា​របស់កងទ័ព​មីយ៉ាន់ម៉ា នៅក្នុងរដ្ឋ​ Rakhine ទៅវិញ។

តែទោះជា​យ៉ាងនេះក្ដី គណៈកម្មាធិការពាន​រង្វាន់ណូបែល ក្នុងប្រទេស​ន័រវេស បាននិយាយថា របាយការណ៍ ​UN ស្ដីពី​ការប្រល័យ​ពូជសាសន៍លើជនជាតិ​រ៉ូហ៊ីងយ៉ា នៅរដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​មិនមាន​លក្ខណៈគ្រប់គ្រាន់​ ដើម្បីក្នុងការដកហូត​ពានរង្វាន់ ណូបែលសន្តិភាព​ពីលោកស្រី អោង សានស៊ូជី នោះទេ។

គណៈកម្មាធិការមួយនេះ​បានលើកឡើងដូច្នេះថា «វាពិតជាមានសារៈសំខាន់ណាស់​ដែលត្រូវចងចាំថា ពាន់រង្វានណូប៊ែល​សន្តិភាពមិនថា ផ្នែករូបវិទ្យា អក្សរសាស្ត្រ ឬសន្តិភាព គឺត្រួវបានផ្ដល់ជូន​សម្រាប់កិច្ចខិតខំ​ប្រឹងប្រែង និងសមិទ្ធិផលពីអតីតកាល​ប៉ុណ្ណោះ... ហើយការដកហូត​ពានរង្វាន់ណូបែលមកវិញ​ មិនស្ថិតនៅក្រោម ច្បាប់របស់​គណៈកមា្មធិការ​ណូបែលនោះឡើយ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ​ក្រុមអ្នកស៊ើប​អង្កេត UN បានចេញផ្សាយ​របាយការណ៍មួយ​ ដោយចោទយោធា​មីយ៉ាន់ម៉ាថា បាន​ប្រព្រឹត្តអំពើ​ប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ​រ៉ូហ៊ីងយ៉ា ហើយក៏បាន​ថ្កោលទោសលោកស្រី ស៊ូជី ផងដែរ​សម្រាប់ភាព​អសកម្ម ក្នុងការដោះស្រាយ​វិបត្តិមនុស្សជាតិ​នេះ។ ប៉ុន្តែ​រដ្ឋាភិបាល និងយោធា​មីយ៉ាន់ម៉ា បានច្រានចោល​ការចោទប្រកាន់ ​ដោយមិនបាន​ទទួលស្គាល់របាយការណ៍​នេះទេ៕