(ញូយ៉ក)៖ អ្នកនាំពាក្យបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) បានចាត់ទុកថាការសម្រេចចិត្តផ្ដាច់ជំនួយរបស់
សហរដ្ឋអាមេរិក ដល់ទីភ្នាក់ងារ UN សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន គឺជាការគំរាមកំហែងមួយ និងបង្កការស្មុគស្មាញដល់ ការស្វែងរកសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។
អ្នកនាំពាក្យបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Fedor Strzhizhovskiy បានលើកឡើងដូច្នេះថា៖ «ការសម្រេច ចិត្តថ្មីៗនេះរបស់សហរដ្ឋអាមេរិក នឹងមិនអាចជួយអ្វីបានឡើយដល់ការផ្សះផ្សាជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែមានតែគំរាម កំហែង និងបង្កភាពស្មុគស្មាញដល់ការស្វែងរកសន្តិភាពនៅក្នុងតំបន់តែប៉ុណ្ណោះ» ។ ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះក៏បានសន្យា ផងដែរថា រដ្ឋាភិបាលរុស្ស៊ីនឹងបន្តផ្ដល់ជំនួយដល់ទីភ្នាក់ងារ UN សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ជាមួយការគំាទ្រដោយមូលនិធិ ៥.៤លានដុល្លារដល់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់ West Bank រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត ហ្ស៊កដានី លីបង់ និងស៊ីរី។
សូមជម្រាបថា ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានប្រកាសថាទីក្រុងវ៉ាស៊ីនតោន បាន សម្រេចចិត្តផ្ដាច់រាល់ជំនួយទាំងអស់សម្រាប់ប៉ាឡេស្ទីន តបតាមការចង់បានរបស់លោក ដូណាល់ ត្រាំ ដែលបានអះអាងថា ប៉ាឡេស្ទីនខ្វះការប្ដេជ្ញាចិត្តក្នុងការចរចាស្វែងរកសន្តិភាពជាមួយអ៊ីស្រាអែល បើទោះជាមានជំនួយពីសហរដ្ឋអាមេរិកក៏ដោយ៕