(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនទៅចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយបណ្ដាប្រទេសអាស៊ាន នៅខែវិច្ឆិកាខាងមុខនេះទេ ប៉ុន្តែលោកនឹងបញ្ជូនអនុប្រធានាធិបតីអាមេរិក លោក Mike Pence ឱ្យទៅចូលរួមជំនួស។ នេះបើ
តាមសេតវិមានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨។
សេតវិមានបានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះដូច្នេះថា៖ «លោកអនុប្រធានាធិបតី Pence នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត»។ បន្ថែម ពីលើនេះ សេតវិមានមិនបានបញ្ជាក់លម្អិតពីការលុបចោលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំឡើយ ប៉ុន្តែបានអះអាងថា លោក ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងពិធីរលឹកខួបលើកទី១០០ នៃសន្ធិសញ្ញា
បញ្ចប់សង្រ្គាមលោកលើកទី០១។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសហ្វីលីពីន និងកិច្ចប្រជុំ APEC នៅក្នុង ប្រទេសវៀតណាមកាលពីឆ្នាំ២០១៧។ ប៉ុន្តែ ការលុបចោលដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ កំពុងបង្កជាការចោទជា សំណួទាក់ទិននឹងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់៕