​(អង់ការ៉ា)៖ រដ្ឋាភិបាលតួកគី​នៅថ្ងៃសុក្រនេះ​បានប្ដេជ្ញាចិត្តថា នឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីឱ្យ​ទាល់តែ​បាន បើទោះបីជាមានការព្រមានដាក់ទណ្ឌកម្ម ពីសំណាក់​សហរដ្ឋអាមេរិក​ក៏ដោយ។ នេះបើតាមប្រធានាធិបតីតួកគី ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។

ប្រធានាធិបតី​តួកគី​លោក តាយយីព អឺដូហ្កាន់ បានលើកឡើង​នៅក្នុងពិធីជួបជុំជាមួយ​ក្រុមមន្ត្រីយោធា​របស់លោកយ៉ាងដូច្នេះថា «តួកគីចាំ​បាច់ត្រូវតែទិញ S-400 ពីរុស្ស៊ី ហើយយើងនឹង​ទទួលបានប្រព័ន្ធមីស៊ីលនេះ​ ក្នុងពេលឆាប់ៗ​តាមដែលអាចធ្វើ​ទៅបាន»។ តែយ៉ាង​ណាក៏ដោយ ទីក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ការជំទាស់យ៉ាងខ្លាំង​ ចំពោះគំរោង​ទិញ S-400 ពីរុស្ស៊ី ហើយថែម​ទាំងព្រមានថា នឹងដាក់ទណ្ឌកម្មប្រឆាំងនឹង​ទីក្រុងអង់ការ៉ា​ផងដែរ ដោយអះអាង​ថា ការទិញ S-400 ធ្វើឱ្យប៉ះពាល់ដល់​យុទ្ធសាស្ត្រយោធា​របស់ណាតូ ខណៈតួកគីជា​សមាជិក​របស់អង្គការមួយ​នេះ​ស្រាប់។

គួរបញ្ជាក់ថា បើតាម​លោក អឺដូហ្កាន់ តួកគីក៏ត្រូវការទិញយន្ដហោះចម្បាំងអាមេរិក F-35 ពីសហរដ្ឋអាមេរិកផងដែរ។ តែទន្ទឹមគ្នា​ក្រុមតំណាងរាស្ត្រ​អាមេរិក កំពុងព្យាយាម​ធ្វើយ៉ាងបង្កើតច្បាប់លុបចោលគំរោងលក់ F-35 ឱ្យតួកគី​ដោយសារតែ​ទីក្រុង​អង់ការ៉ា មិនព្រម​លុបចោលគំរោង​ទិញ S-400៕