ដូណាល់ ត្រាំ ជំទាស់ការដំឡើងប្រាក់ខែជូនមន្ត្រីរដ្ឋាភិបាល ជាការបង្កឲ្យបក្សទាំងពីរឈ្លោះគ្នាយ៉ាងតានតឹង!
31-08-2018 16:44
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្ដែងការជំទាស់ទៅនឹងការដំឡើងប្រាក់ខែដល់បុគ្គលិកសហព័ន្ធ ខណៈការជំទាស់នេះកំពុងបង្កឱ្យមានការតឹងសសៃកដាក់គ្នា រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងលិខិតមួយផ្ញើជូនប្រធានសភាអាមេរិកលោក ផូល រីយ៉ាន (Paul Ryan) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានកំណត់វាសម្រាប់ឆ្នាំ២០១៩ នោះគឺការបង្កើនការចំណាយនៅក្នុងស្រុក និងការបង្កើនការចំណាយនៅក្រៅ ប្រទេសនឹងត្រូវដាក់នៅកម្រិតសូន្យ ពោលគឺគ្មានការដំឡើងអ្វីទាំងអស់»។
គួរជម្រាបថា បើតាមលោក ដូណាល់ ត្រាំ ផែនការបង្កើនការចំណាយនៅក្នុងប្រទេស ២៥.៧ភាគរយ និងការចំណាយនៅក្រៅប្រទេស ២.១ភាគរយ មិនអាចត្រូវបានគាំទ្រដោយកញ្ចប់ថវិកាសហព័ន្ធនោះទេ ខណៈគ្រាន់តែការបង្កើនការចំណាយនៅក្នុង ស្រុកមានចំនួន ២៥ពាន់លានដុល្លារទៅហើយ៕