(ចិន)៖ អ្នកតំណាងរាស្ត្រចិន នៅថ្ងៃច័ន្ទកន្លងទៅនេះ បានចាប់ផ្តើមពិនិត្យមើលពង្រាងច្បាប់ ស្តីអំពីការទប់ស្កាត់ និងការគ្រប់គ្រងការបំពុលដី។

ពង្រាងច្បាប់នេះ ត្រូវបានដាក់ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិន ដើម្បីពិភាក្សាជាលើកចុងក្រោយ និងបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នេះ នៅក្នុងអង្គប្រជុំមួយ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទរហូតមកដល់ថ្ងៃសុក្រនេះ។

សេចក្តីព្រាងច្បាប់ ស្តីអំពីការទប់ស្កាត់ និងការគ្រប់គ្រងការបំពុលដីនេះ ត្រូវបានដាក់ជូនទៅកាន់រដ្ឋសភាចិន ដើម្បីពិនិត្យពិភាក្សាជាលើកដំបូង កាលពីខែមិថុនាឆ្នាំមុន។

ក្រោយពីបានពិនិត្យពិភាក្សាចំនួន២លើករួចមក សេចក្តីព្រៀងច្បាប់នេះ ក៏សង្កត់ធ្ងន់ទៅលើការទប់ស្កាត់ការបំពុលដី និងការការពារដី។

លោក ហ៊ូ ឃ័រមីង អនុប្រធានគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់នៃរដ្ឋសភាចិន និយាយថា «សេចក្តីព្រៀងច្បាប់នេះ សង្កត់ធ្ងន់ទៅលើការទប់ស្កាត់នៅនឹងប្រភពដើមតែម្តង។ ក្រុមហ៊ុននិងបុគ្គលទាំងឡាយដែលផលិត ប្រើប្រាស់ រក្សាទុក ដឹកជញ្ជូន យកមកវិញ បោះចោល និងបញ្ចេញសារធាតុពុលទាំងឡាយ គួរចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់សារធាតុពុលទាំងនោះ កុំឱ្យហូរ លេច ឬសាយភាយ ដើម្បីចៀសវាងពីការបំពុលដី»

សេចក្តីព្រាងច្បាប់នេះ ក៏កំណត់យ៉ាងច្បាប់ នូវទំនួលខុសត្រូវរបស់អ្នកបំពុល ដោយចែងថា អ្នកបំពុលមានកាតព្វកិច្ចធ្វើការគ្រប់គ្រងហានិភ័យនៃការបំពុល ព្រមទាំងធ្វើការស្រោចស្រង់ជីវជាតិដី ឡើងវិញផងដែរ។

សេចក្តីព្រាងច្បាប់នេះ ក៏មានចែងអំពីការដាក់ពិន័យយ៉ាងតឹងរឹង ទៅលើជនល្មើសទាំងឡាយ តាមរយៈការបង្កើនប្រាក់ពិន័យចំពោះទង្វើបំពានច្បាប់។

លោក ហ៊ូ ឃ័រមីង អនុប្រធានគណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់នៃរដ្ឋសភាចិន និយាយថា «សេចក្តីព្រាងច្បាប់នេះចែងថា ក្រុមហ៊ុនទាំងឡាយដែលចូលរួមធ្វើស្ថិតិអំពីស្ថានភាពដី ការវាយតម្លៃហានិភ័យ និងការវាយតម្លៃលទ្ធផល នឹងត្រូវហាមប្រាមពីការប្រកបអាជីវកម្មនេះ បើសិនជារកឃើញថា ក្រុមហ៊ុនទាំងនោះ ធ្វើរបាយការណ៍ក្លែងក្លាយ»

សេចក្តីព្រាងច្បាប់នេះចែងថា នឹងមានស្តង់ដារថ្នាក់ជាតិផ្សេងៗ សម្រាប់គ្រប់គ្រងហានិភ័យនៃការបំពុលដី។ ហើយការធ្វើស្ថិតិថ្នាក់ជាតិមួយអំពីស្ថានភាពដី គួរតែត្រូវធ្វើឡើងឱ្យបានយ៉ាងហោចណាស់ម្តង ជារៀងរាល់១០ឆ្នាំ។

បណ្តាញស្ថានីយតាមដានមួយ នឹងត្រូវបង្កើតឡើងនៅទូទាំងប្រទេស ហើយទិន្នន័យនិងព័ត៌មានផ្សេងៗដែលទទួលបាន នឹងត្រូវចែករំលែកដល់អាជ្ញាធរទាំងឡាយ ដែលធ្វើការលើវិស័យបរិស្ថាន កសិកម្ម ធនធានធម្មជាតិ រៀបចំទីលំនៅ ធនធានទឹក សុខាភិបាល ព្រៃឈើ និងវាលរហោឋានផងដែរ។

អាជ្ញាធរផ្នែកបរិស្ថាន និងសុខាភិបាលនៃរដ្ឋាភិបាលកណ្តាលរបស់ចិន ត្រូវបានតម្រូវឱ្យធ្វើការពិនិត្យ និងវាយតម្លៃសារធាតុពុល និងមានគ្រោះថ្នាក់ដែលមាននៅក្នុងដី ព្រមទាំងធ្វើបញ្ជីមួយអំពីសារធាតុទាំងនោះ ដើម្បីចេញផ្សាយជាសាធារណៈ។

បើយោងតាមសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលថ្នាក់ខេត្ត គួររៀបចំថវិកាសម្រាប់ទប់ស្កាត់ និងគ្រប់គ្រងការបំពុលដី។

បច្ចុប្បន្ន ប្រទេសចិននៅមិនទាន់មានច្បាប់ណាមួយ ដែលផ្តោតសំខាន់លើការបំពុលដីនោះទេ ពោលគឺមានតែការលើកឡើងខ្លះៗ អំពីបញ្ហានេះនៅក្នុងច្បាប់ផ្សេងទៀតប៉ុណ្ណោះ។ ហើយសេចក្តីព្រៀងច្បាប់ ដែលប្រកបដោយការពិចារណានេះ ត្រូវបានគេរំពឹងថានឹងបំពេញចន្លោះប្រហោងផ្នែកច្បាប់នេះ និងជួយសម្រួលដល់អាជ្ញាធរបានកាន់តែប្រសើរ ក្នុងការបំពេញកិច្ចការរបស់ពួកគាត់៕ (សារព័ត៌មាន CCTV របស់ចិន)