(វ៉ាស៊ីនតោន)៖ យន្តហោះស៊ីវិលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅមូលដ្ឋានទ័ពអាកាស អេគ្លីន (Eglin) ក្នុងរដ្ឋផ្លូរីដារបស់សហរដ្ឋអាមេរិក ដោយមនុស្សចំនួន ០៤នាក់ ជិះនៅលើនោះ បានបាត់បង់ជីវិតទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
យន្តហោះធុនស្រាល ប៊ីចក្រាហ្វ (Beechcraft B60) បានធ្លាក់ចំកន្លែងគ្មានមនុស្ស នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពីផ្លូវរត់ហោះឡើង-ចុះ នៃបន្ទាយទ័ពអាកាសខាងលើ ដោយយន្តហោះដែលធ្លាក់នោះត្រូវគេរកឃើញ នៅក្នុងតំបន់មានព្រៃហ៊ុមព័ទ្ធជុំវិញ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាមេរិកបានឲ្យដឹងថា យន្តហោះខាងលើបានធ្លាក់ នៅអំឡុងពេលសំដៅឆ្ពោះទៅចុះចត នៅព្រលានយន្តហោះ ឌែស្ទីន (Destin) ដែលស្ថិតនៅក្បែរមូលដ្ឋានយោធា អេគ្លីន (Eglin)។
ជាមួយគ្នានេះ អាជ្ញាធរអាមេរិកបានឲ្យដឹងថា ការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ ហើយពួកគេមិនទាន់កំណត់អត្តសញ្ញាណ នៃជនរងគ្រោះទាំង ០៤នាក់ ដែលចេញដំណើរមកពីភាគរដ្ឋភាគកណ្តាល អូហៃយ៉ូ (Ohio) បាននៅឡើយទេ៕