(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានប្រកាសថា ខ្លួនគាំទ្រគំនិតនៃការរៀបចំការប្រណាំងរថយន្ដ Formula One (F1) នៅលើផ្លូវក្នុងទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
ជុំវិញការរៀបចំការប្រណាំងរថយន្ដលំដាប់ពិភពលោកនេះដែរ នាយកប្រតិបត្តិ Formula One លោក Chase Carey ធ្លាប់បាន អះអាងកាលពីខែមិថុនា ថាលោកចង់រៀបចំការប្រណាំងមួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ហើយថាគំនិតនេះកំពុងស្ថិតនៅក្រោម ការពិភាក្សាជាមួយអាជ្ញាធរវៀតណាម។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក ម៉ៃ ទានឌុង (Mai Tien Dung) បានទទួលស្គាល់ថា រដ្ឋាភិបាលវៀតណាមគំាទ្រលើគំនិតរៀបចំការប្រណាំងរថយន្ដ Formula One (F1) នៅលើផ្លូវក្នុងទីក្រុងហាណូយ។ លោក Dung បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រប់ក្រសួង និងទីភ្នាក់ងាររដ្ឋទាំងអស់ សុទ្ធតែគាំទ្រគំនិតបង្កើតការទាក់ទាញថ្មីមួយ សម្រាប់ទីក្រុងហាណូយ»។
ប៉ុន្តែទន្ទឹមគ្នានេះលោកមិនបានបញ្ជាក់ថា ពេលណាកិច្ចព្រមព្រៀងចុងក្រោយមួយ ត្រូវបានចុះហត្ថលេខា ឬក៏ថាពេលណាទើបការប្រណាំងចាប់ផ្ដើមនោះទេ។ លើសពីនេះទៅទៀត សូម្បីតែនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ហ្សួនហ្វុក (Nguyen Xuan Phuc) ក៏ធ្លាប់បានលើកឡើងដែរថា ទីក្រុងហាណូយ មិនគួរចំណាយកញ្ចប់ថវិការដ្ឋ សម្រាប់កសាងហេរដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំការប្រណាំរថយន្ដ Formula One នោះទេ តែគួរតែស្វែងរកការវិនិយោគជំនួសវិញ៕