(ប៊ែរឡាំង)៖ ទីបំផុតគម្រោងតភ្ជាប់បណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន Nord Stream 2 ពីប្រទេសរុស្ស៊ីទៅកាន់អាល្លឺម៉ង់ បានចាប់ផ្តើមដំណើរការសាងសង់ហើយ នៅក្នុងដែនសមុទ្រប្រទេសអាល្លឺម៉ង់ បើទោះបីជាសកម្មភាពនេះអាចប្រឈមមុខនឹងបញ្ហាជាមួយសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
ដំណាក់កាលដំបូងនៃដំណើរការសាងសង់បណ្តាញផ្តត់ផ្គង់ឧស្ម័ន Nord Stream 2 មកកាន់តំបន់អឺរ៉ុបត្រូវបានគេរាយការណ៍ថា កំពុងតែចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅក្នុងដែនសមុទ្រនៃប្រទេសអាល្លឺម៉ង់ ទោះបីជាមានការគំរាមកំហែងដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាការជំទាស់ពីប្រទេសអឺរ៉ុបមួយចំនួនក៏ដោយ។ អាមេរិកធ្លាប់បានព្រមានថា គម្រោងនេះនឹងធ្វើឲ្យអាល្លឺម៉ង់ពឹងផ្អែកលើរុស្ស៊ី ខណៈទីក្រុងប៊ែរឡាំងបានបញ្ជាក់តបវិញថា វាគឺជារឿងធ្វើពាណិជ្ជកម្មរវាងប្រទេសពីរសុទ្ធសាធ គឺពុំមានបញ្ហាឡើយ។
គួរជម្រាបថា គម្រោង Nord Stream 2 មានគោលដៅផ្គត់ផ្គង់ឧស្ម័នធម្មជាតិរុស្ស៊ីចំនួន៥៥ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំឆ្លងកាត់សមុទ្របាល់ទិចមកកាន់ប្រទេសអាល្លឺម៉ង់។ បណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន Nord Stream 2 ដែលជាការពង្រីកបន្ថែមពីលើបណ្តាញ Nord Stream ទីមួយដែលមានរួចស្រេច នឹងរត់ឆ្លងកាត់ទឹកដីរបស់រុស្ស៊ី ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់ ហើយត្រូវគេកំណត់ថា នឹងអាចចាប់ផ្តើមធ្វើប្រតិបត្តិការបាននៅចុងឆ្នាំ២០១៩៕