(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន បានស្នើសុំបង្កើនកញ្ចប់យោធាសម្រាប់ឆ្នាំ២០១៩ សំដៅយកទៅអភិវឌ្ឍន៍ប្រព័ន្ធខែលការពារមីស៊ីល ទុកបាញ់កម្ទេចមីស៊ីលរបស់កូរ៉េខាងជើង ដែលទីក្រុងតូក្យូនៅតែចាត់ទុកថា ជាការគំរាមកំហែងដ៏ធំដល់សន្តិសុខជាតិរបស់ខ្លួន បើទោះជាលោក គីម ជុងអ៊ុន សន្យាបោះបង់ចោលអាវុធនុយក្លេអ៊ែរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
ក្រសួងការពារជាតិជប៉ុន នៅថ្ងៃសុក្រនេះបានស្នើសុំកញ្ចប់ថវិកាយោធារហូតដល់ ៤៨ពាន់លានដុល្លារ ឬកើនឡើង ២.១ភាគរយ សម្រាប់ឆ្នាំ២០១៩ ដោយរាប់ចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសាតទៅ។ ម្យ៉ាងវិញទៀត បើសិនជាកញ្ចប់ថវិកានេះត្រូវបានអនុម័តនោះ វាមានន័យថា ជាការបង្កើនកញ្ចប់ថវិកាយោធា ០៧លើកជាប់ៗគ្នា ខណៈនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ កំពុងពង្រឹងសមត្ថភាពយោធាជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពីមីស៊ីលកូរ៉េខាងជើង និងការកើនឡើងឥទ្ធិពលយោធាចិននៅក្នុងតំបន់។
គួរបញ្ជាក់ថា ការស្នើសុំបង្កើនកញ្ចប់ថវិកាយោធានេះ ធ្វើឡើងនៅមុនពេលជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ីនហ្សូ អាបេ នៅខែកញ្ញាខាងមុខនេះនាឱកាសចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត នៃអង្គការសហប្រជាជាតិនៅឯទីក្រុងញូយ៉ក៕