(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា អំពើពុករលួយ និងបទឧក្រិដ្ឋកម្មគ្រឿងញៀន បានចាក់ឫសគល់យ៉ាងជ្រៅនៅហ្វីលីពីន រហូតដល់ថ្នាក់ប្រទេសអាស៊ាននេះ គួរតែស្ថិតក្រោមការដឹកនាំរបស់បុគ្គលផ្តាច់ការវិញល្អជាង ប្រសិនបើរូបលោកមិននៅដឹកនាំប្រទេសតទៀតទេនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
លោក ឌូតឺតេ ជាថ្មីម្តងទៀតបានលើកឡើងថា រូបលោកមានបំណងចង់ដើរចេញពីតួនាទីជាអ្នកដឹកនាំប្រទេស នៅមុនអាណត្តិរបស់លោក ដែលនឹងបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែលោកមានភាពស្ទាក់ស្ទើរ ក្នុងការផ្ទេរអំណាចទៅឲ្យ លោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo) ដែលជាអនុប្រធានាធិបតីពីព្រោះថា លោកស្រីត្រូវបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែក គឺពុំមែនជាដៃគូឈរឈ្មោះជាមួយលោកនោះឡើយ។
លោកស្រី Robredo នាពេលកន្លងមកនេះ តែងបានសម្តែងការរិះគន់ចំពោះយុទ្ធនាការបង្រ្កាបគ្រឿងរបស់លោកប្រធានាធិបតីហ្វីលីពីន។ លោក ឌូតឺតេ បានបញ្ជាក់ថា ភាពឥតសណ្តាប់ធ្នាប់នឹងកើតមានឡើង ប្រសិនបើយុទ្ធនាការរបស់លោកត្រូវបានផ្អាក ហើយពេលនោះប្រទេសហ្វីលីពីន គួរតែមានជនផ្តាច់ការជាដឹកនាំ គឺប្រសើរជាង។ នាឱកាសនោះលោក ឌូតឺតេ បានលើកអតីតមេដឹកនាំលោក ហ្វែរឌីណង់ ម៉ាកូស (Ferdinand Marcos) ជាឧទាហរណ៍ផងដែរ។
គួរជម្រាបថា ការកោតសរសើររបស់លោក ឌូតឺតេ ចំពោះលោក Marcos ត្រូវបានគេចាត់ទុកជា រឿងចម្រូងចម្រាសមួយ ដោយសារតែប្រជាជនហ្វីលីពីនជាច្រើននាក់ នៅតែមិនទាន់អាចបំភ្លេចបាននៅឡើយទេ ពីសម័យកាលខ្មៅងងឹតរយៈពេល ០២ទសវត្សរ៍ នៃការគ្រប់គ្រងប្រទេសរបស់លោក Marcos ដែលបានបញ្ចប់ទៅដោយបះបោរកាលពីឆ្នាំ១៩៨៦៕