(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមចេញបម្រាមលើការលក់កាហ្វេ នៅតាមសាលារៀនថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ក្រោមគោលបំណងលើកកម្ពស់ការរស់នៅ ប្រកបដោយសុខភាពល្អប្រសើរជាងមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
បម្រាមខាងលើនឹងចាប់ផ្តើមមានសុពលភាពចាប់ពីថ្ងៃទី១៤ ខែកញ្ញាខាងមុខតទៀត ហើយនឹងត្រូវអនុវត្តន៍ទាំងទៅលើកូនសិស្ស និងគ្រូបង្រៀន។ នាពេលកន្លងមកនេះ ផលិតផលដែលមានកម្រិតកាឡូរី ឬជាតិកាហ្វេអ៊ីនខ្ពស់ត្រូវបានហាមឃាត់រួចស្រេចទៅហើយ នៅតាមសាលារៀននៃប្រទេសកូរ៉េខាងត្បូង ប៉ុន្តែកាហ្វេនៅតែអាចលក់ដូរជាធម្មតា។
គួរជម្រាបថា បើតាមការបញ្ជាក់ពីក្រសួងសុវត្ថិភាពចំណីអាហារកូរ៉េខាងត្បូង ការទទួលទានកាហ្វេច្រើនខ្លាំងពេក អាចធ្វើឲ្យឈឺក្បាល វិលមុខ ចង្វាក់បេះដូងលូតញាប់ខុសពីធម្មតា សម្រាន្តមិនលក់ ឬមានអារម្មណ៍អន្ទះអន្ទែងជាដើម ហើយថែមទាំងអាចបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់រូបរាងកាយ និងសុខភាពផ្លូវចិត្តរបស់កុមារទៀត ប្រសិនបើទទួលទានជាប់ជាប្រចាំ។ យោងតាមស្ថិតិចុងក្រោយបំផុត ពីអង្គការកាហ្វេអន្តរជាតិបានបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងម្នាក់ៗ ទទួលទានកាហ្វេប្រមាណ ២.៣គីឡូក្រាម ក្នុងមួយឆ្នាំ គឺជាកម្រិតច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសអាស៊ីដទៃទៀត៕