(វៀងច័ន្ទ)៖ សារព័ត៌មាន Vientiane Times នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា មនុស្ស០៦នាក់បានស្លាប់ និងផ្ទះសរុប ៩១៦ខ្នង រួមទាំងភូមចំនួន ៥៨ នៅក្នុងស្រុកចំនួន ០៥ រងការបំផ្លិចបំផ្លាញដោយសារតែគ្រោះទឹកជំនន់ នៅភាគខាងត្បូងប្រទេសឡាវ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
យោងតាម Vientiane Times ចំនួនអ្នកស្លាប់ និងការបំផ្លិចបំផ្លាញត្រូវបានវាយតម្លៃ នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយដោយអាជ្ញាធរឡាវ នៅក្នុងកិច្ចប្រជុំក្នុងខេត្ត លួងប្រាបាង (Luang Prabang) កាលពីថ្ងៃពុធកន្លងទៅ។ របាយការណ៍ដដែល ក៏បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់បង្កឡើងដោយព្យុះ សុនទិញ (Son-tinh) កាលពីពាក់កណ្ដាលខែសីហា កន្លងទៅបានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៤៦នាក់ ហើយ ៩៧នាក់បានបាត់ខ្លួន។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឡាវប្រជាជនប្រមាណ ៨២,៤៦០គ្រួសារ ក្នុងចំណោមប្រជាជន ២៣៦,១៨៨នាក់ នៅក្នុងស្រុកចំនួន ៧៩ នៃខេត្តចំនួន ១៤ បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ បន្ទាប់ពីការវាយប្រហារដោយព្យុះ Son-tinh និង បេប៊ីនកា (Bebinca) ចាប់ពីពាក់កណ្ដាលខែកក្កដា ដល់ពាក់កណ្ដាលខែសីហា៕