(អ៊ីស្រាអែល)៖ ក្រសួងការពារជាតិអ៊ីស្រាអែល និងក្រុមហ៊ុនផលិតអាវុធនៅក្នុងស្រុកមួយបានចុះហត្ថលេខា មានតម្លៃរាប់លានដុល្លារក្នុងការអភិវឌ្ឍ និងផលិតមីស៊ីលរយៈចំងាយឆ្ងាយថ្មីមួយ ដែលមានបាញ់កម្ទេចគោលដៅសត្រូវទាំងអស់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ការប្រកាសពីគំរោងផលិតមីស៊ីលនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក អេវីកដ័រ ឡៃប៊ឺមែន (Avigdor Lieberman)។ លោក Lieberman បានលើកឡើងនៅក្នុងអត្ថបទមួយ ចុះផ្សាយនៅក្នុងសប្ដាហ៍នេះ យ៉ាងដូច្នេះថា «យើងនឹងអភិវឌ្ឍន៍ ហើយផលិតមីស៊ីលរយៈចំងាយឆ្ងាយថ្មីមួយ ដ៏មានឥទ្ធិពលបំផុតដែលអាចឱ្យយើងបាញ់កម្ទេចគោលដៅ សត្រូវមិនថានៅទីណានោះទេនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
គួរជម្រាបថា ព័ត៌មានលម្អិតពីគំរោងផលិតមីស៊ីលថ្មីរបស់យោធាអ៊ីស្រាអែល មិនត្រូវគេបញ្ជាក់លម្អិតអ្វីនោះទេ ដោយគ្រាន់តែមានការបង្ហាញឲ្យដឹងថា ក្រុមហ៊ុនឧស្សាហកម្មអាវុធរដ្ឋអ៊ីស្រាអែល (IMI) បានទទួលកិច្ចសន្យាពីរដ្ឋាភិបាល ដើម្បីផលិតមីស៊ីលទៅតាមការចង់បាននេះ៕