(គូឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ ស៊ូលតង់ មូហាំម៉ាដ ទី៥ (Sultan Muhammad V) បានសម្រេចព្រះទ័យលុបចោលពិធីចម្រើនព្រះជន្មរបស់ទ្រង់ ហើយបានបង្វិលកញ្ចប់ថវិកាសម្រាប់រៀបចំកម្មវិធីនេះ ចូលទៅក្នុងគម្រោងមូលនិធិ តាប៊ុង ហារ៉ាផាន់ ម៉ាឡេស៊ី (Tabung Harapan Malaysia) ដែលបង្កើតឡើងដោយលោក មហាធៀ ម៉ូហាម៉ាដ (Mahathir Mohamad) វិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
មូលនិធិខាងលើនេះ ដែលមានឈ្មោះមួយទៀតហៅថា Malaysia's Hope Fund ត្រូវបានបង្កើតឡើងកាលពីខែឧសភាកន្លងទៅ ដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ដើម្បីធ្វើជាកន្លែងអាចឲ្យសាធារណជន បរិច្ចាគថវិការៀងៗខ្លួន ដើម្បីជួយដល់រដ្ឋាភិបាលថ្មី ក្នុងការសងបំណុលរបស់ប្រទេសម៉ាឡេស៊ី។
គួរជម្រាបថា សម្រាប់កម្មវិធីដទៃទៀត ដើម្បីអបអរថ្ងៃចម្រើនព្រះជន្មរបស់ព្រះចៅ Sutan Muhammad V គឺនៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុកដដែល៕