(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានព្រមានសហរដ្ឋអាមេរិក កុំឱ្យលេងជាមួយភ្លើង នៅក្នុងប្រទេសស៊ីរី តាមរយៈការប្រើប្រាស់ការវាយប្រហារដោយអាវុធគីមី ជាលេសដើម្បបើកការវាយប្រហារប្រឆាំងនឹងកងកម្លាំង រដ្ឋាភិបាលទីក្រុងដាម៉ាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
លោក ឡាវរ៉ូវ ធ្វើការព្រមានបែបនេះ នៅអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីស៊ីរី លោក Walid Muallem កាលពីថ្ងៃព្រហស្បតិ៍។ លោក ឡាវរ៉ូវ បានលើកឡើងដូច្នេះថា៖ «ការបង្ករឿងជាថ្មីកំពុងត្រូវបានរៀបចំឡើង ដោយបណ្ដាប្រទេស លោកខាងលិចដើម្បីបំផ្លាញដល់ប្រតិបត្តិការប្រឆាំងភេរវករនៅក្នុងខេត្ត Idlib។ យើងមានភស្ដុតាងជាច្រើននៅលើតុ ហើយយើងក៏បានព្រមានដែរដល់ដៃគូលោកខាងលិចរបស់យើង តាមរយៈក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់យើង កុំឱ្យពួកគេលេងជាមួយភ្លើង នៅក្នុងប្រទេសស៊ីរី»។
សូមជម្រាបថា កាលពីសប្ដាហ៍មុន ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី កំពុងរៀបចំការ វាយប្រហារដោយអាវុធគីមីសាជាថ្មី ហើយថាសហរដ្ឋអាមេរិក និងលោកខាងលិចអាចនឹងប្រើប្រាស់វាជាលេស ដើម្បីបើកការវាយប្រហារប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី៕