(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាលោកនឹងដកសហរដ្ឋអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បើសិនជាអង្គការមួយនេះ មិនផ្លាស់ប្ដូររបៀបដែលកំពុងដោះស្រាយជាមួយអាមេរិកទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Bloomberg នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាពួកគេមិនមានការអភិវឌ្ឍទេ ខ្ញុំនឹងដកសហរដ្ឋអាមេរិកចេញពី WTO»។ អង្គការ WTO ត្រូវបានបង្កើតឡើងក្នុង គោលដៅអនុវត្តច្បាប់ពាណិជ្ជកម្មពិភពលោក និងដោះស្រាយជម្លោះពាណិជ្ជកម្ម។
ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ ដែលកំពុងប្រកាន់ភ្ជាប់គោលនយោបាយគាំពារនិយម បានអះអាងថាសហរដ្ឋអាមេរិក កំពុងរងភាពអយុត្តិធម៌ដោយសារតែ WTO ដែលកំពុងដោះស្រាយពាក្យបណ្ដឹងពីបណ្ដាប្រទេសមួយចំនួន ប្រឆាំងសហរដ្ឋអាមេរិក ជុំវិញការតម្លើងពន្ធលើដែក និងអាលុយមីញ៉ូមពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងពាក្យបណ្ដឹង ពីសំណាក់ប្រទេសមួយចំនួន ដូចជាតួកគីជាដើម ដែលបានប្ដឹងទៅកាន់ WTO ឱ្យជួយដោះស្រាយជម្លោះពាណិជ្ជកម្ម ដោយសារតែគោលនយោបាយតម្លើងពន្ធរបស់លោកត្រាំ៕