(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នាថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា មីស៊ីលការពារដែនអាកាសស៊េរីថ្មីរបស់ខ្លួន ទើបតែបានទទួលជោគជ័យក្នុងការធ្វើតេស្តកម្ទេចគោលដៅ ដោយត្រឹមត្រូវឥតខ្ចោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍ខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងការពារអាកាសនិងមីស៊ីលនៃយោធាជើងអាកាសរុស្ស៊ី បានធ្វើការសាកល្បងដោយជោគជ័យមួយផ្សេងទៀត ទៅលើមីស៊ីលប្រភេទបាញ់ស្ទាក់កម្ទេចគោលដៅស៊េរី នៅឯទីតាំងធ្វើតេស្ត Sary Shagan ក្នុងប្រទេសកាហ្សាក់ស្ថាន។
គួរជម្រាបថា ប្រទេសរុស្ស៊ី កំពុងស្ថិតក្រោមកម្មវិធីធ្វើទំនើបកម្មយោធាទ្រង់ទ្រាយធំ ដែលត្រូវបានប្រកាសឡើងជាលើកដំបូងតាំងតែពីឆ្នាំ២០១០ ហើយទីក្រុងម៉ូស្គូ ត្រូវគេរាយការណ៍ថា មានគោលដៅធ្វើទំនើបកម្មលើសព្វាវុធក៏ដូចជាបរិក្ខាយោធាឲ្យបាន៧០ភាគរយ នៅឆ្នាំ២០២០៕