(វ៉ាស៊ីនតោន)៖ កន្លងមកសហរដ្ឋអាមេរិក បានសម្រេចផ្អាកជំនួយយោធាដែលមានតម្លៃជាទឹកប្រាក់ចំនួន ១៩៥លានដុល្លារអាមេរិក ពីប្រទេស អេហ្ស៊ីប ដើម្បីការឆ្លើយតបការបង្កើតកិច្ចសហប្រតិបត្តិការរវាងអេហ្ស៊ីបជាមួយប្រទេសកូរ៉េខាងជើង និងវិធានការណ៍បង្ក្រាបរបស់ប្រធានាធិបតី Sisi ទៅលើក្រុមសង្គមស៊ីវិល។ មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងបានដាក់លក្ខខណ្ឌមួយចំនួនទៅលើប្រទេសផ្ដាច់ការមួួយនេះ ដែលក្នុងនោះមានដូចជាការបង្ខំឱ្យបញ្ឈប់ទំនាក់ទំនងកាទូតជាមួយប្រទេស កូរ៉េខាងជើងជាដើម។
ប៉ុន្តែថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលលោក ដូណាល់ត្រាំ បែរជាផ្លាស់ប្តូរឥរិយាបថ ដោយបានប្រកាសថា ខ្លួននឹងផ្ដល់ជំនួយដល់អេហ្ស៊ីបវិញ បើទោះបីជារដ្ឋាភិបាលលោក SiSi មិនបានបំពេញតាមលក្ខខណ្ឌដែលបានកំណត់ក្តី ដោយបានបញ្ជាក់ថា ការរឹតបន្តឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអេហ្ស៊ីប ជារឿងសំខាន់សម្រាប់សន្តិសុខអាមេរិក។ តើហេតុផលនេះ វាគ្រប់គ្រាន់ដែរឬទេ? ហេតុអ្វីបានជាអាមេរិកបែរជាផ្លាស់ប្តូរភ្លាម ដោយមិនបន្តដាក់សម្ពាធលើរដ្ឋាភិបាលអេហ្ស៊ីបដែលជារបបផ្ដាច់ការ តែជាបន្តផ្ដល់ជំនួយទៅវិញ?
១៖ ប្រសិនបើសហរដ្ឋអាមេរិកមិនផ្តល់ជំនួយ នោះអេហ្ស៊ីបអាចនឹងងាកទៅរករុស្ស៊ី ដោយឡែកទំនាក់ទំនងសន្តិភារវាងអេហ្ស៊ីប-អ៉ីស្រាអែលក៏អាចប្រឈមមុខនឹងគ្រោះថ្នាក់
អេហ្ស៊ីបកំពុងប្រើប្រាស់មធ្យោបាយ ញុះញ៉ុងឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ីប្រជែងគ្នាទៅវិញទៅមក ដើម្បីបង្កើនអានុភាពរៀងៗ។ អេហ្ស៊ីបប្រើប្រាស់យុទ្ធសាស្ត្រកំញើញដោយចង់ដោះដៃពីអាមេរិកសហរដ្ឋអាមេរិក ហើយឈោងចាប់រុស្ស៊ី។ តែអេហ្ស៊ីបនឹងបន្តធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានអ្វីដែលខ្លួន មិនអាចយកបានពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជាក់ស្តែងដូចជាគ្រឿងសព្វាវុធផ្សេងៗជាដើម និងដើម្បីទទួលបានឱកាសចូលទៅកាន់ទីផ្សារអន្ដរជាតិ ស្របពេលដែលខ្លួនក៏កំពុងរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រឹមឡាំង ដើម្បីពង្រឹងជំហរក្នុងការចរចាសន្តិភាព។
បើនិយាយពីសន្ធិសញ្ញាសន្តិភាពរវាងអេហ្ស៊ីប និងអ៉ីស្រាអែល អាមេរិកហាក់លែងមានប្រយោជន៍សម្រាប់អេហ្ស៊ីបទៀតហើយ អេហ្ស៊ីបមិនត្រូវការ ការអន្តរគមន៍ ឬសម្របសម្រួលពីអាមេរិកទៀតនោះទេ។ មូលហេតុអេហ្ស៊ីប មិនមានចំណាប់អារម្មណ៍ក្នុងការប្រឈមមុខជាមួយអ៉ីស្រាអែលតទៅទៀត។ ផ្ទុយទៅវិញអ៉ីស្រាអែលអាចក្លាយជាដៃគូមួយក្នុងតំបន់ ដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលក្រុង គែរ។
២៖ ការដាក់សម្ពាធលើអេហ្ស៊ីប គ្មានប្រសិទ្ធភាពដូចការផ្ដល់ជំនួយឡើយ
ថ្មីៗនេះការផ្អាកជំនួយអាមេរិក ជំរុញឱ្យរដ្ឋាភិបាលអេហ្ស៊ីប ចាប់សើរើឡើងវិញនូវរឿងក្ដីកាលពីឆ្នាំ២០១៣កន្លងទៅនេះ ព្រមទាំងបានបង្កើតទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងថែមទៀតផង។ ការដាក់គំនាប ដោយការផ្អាកជំនួយជាដើម ដើម្បីផ្លាស់ប្តូរឥរិយាបថ មេដឹកនាំអេហ្ស៊ីបជារឿងមួយ ដែលត្រូវខាតពេលវេលាច្រើន។ ហេតុនេះជំនួសអោយការដាក់ទណ្ឌកម្មដែលមិនសូវទទួលបានផលចំណេញ អាមេរិកសម្រេចប្រើប្រាស់ធម៌ត្រជាក់ដោយការផ្ដល់ជំនួយជំនួសវិញ។
ទី៣៖ សហរដ្ឋអាមេរិកផ្ដល់ជំនួយដល់អេហ្ស៊ីបដើម្បីទទួលបានសិទ្ធិសំខាន់ៗ ដូចជាការឆ្លងកាត់ព្រែកជីកស៊ុយអេ និងសិទ្ធិហោះហើរលើដែនអាកាសអេហ្ស៊ីបជាដើម
ការផ្ដល់ជំនួយខាងលើនេះ បានផ្ដល់ឱកាសដល់កងនាវាជើងទឹកអាមេរិក ទទួលបានសិទ្ធក្នុងការឆ្លងកាត់ព្រែកជីកស៊ុយអេ ដែលជាច្រកនាវាដ៏សំខាន់សម្រាប់អាមេរិកក្នុងតំបន់មជ្ឈឹមបូព៌ា។ ជាមួយគ្នានេះដែរ អេហ្ស៊ីបមិនបានគិតប្រាក់ពីសហរដ្ឋអាមេរិក លើថ្លៃបើកបរយន្តហោះឆ្លងកាត់ដែនអាកាសរបស់ខ្លួនដូចគ្នា។ ប៉ុន្តែសិទ្ធក្នុងការឆ្លងកាត់ដែនអេហ្ស៊ីប ហាក់មិនសូវមានអត្ថប្រយោជន៍ច្រើនដូចមុនឡើយ បន្ទាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ គ្រោងនឹងដកកងកម្លាំងសហរដ្ឋអាមេរិកពីក្នុងតំបន់ ហើយកងទ័ពអាមេរិកងាកទៅពឹងផ្អែកកាន់តែខ្លាំងទៅលើមូលដ្ឋានអាកាស Udeid នៅប្រទេស កាតា ជំនួសវិញ។
ទី៤៖ អេហ្ស៊ីបត្រូវការជំនួយ ១,៣ពាន់លានដុល្លារជាចាំបាច់ សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅតំបន់ស៊ីណៃ
យោធាអេហ្ស៊ីប បាននឹងកំពុងតស៊ូដើម្បីកម្ចាត់ក្រុមឧទ្ទាមចំនួន១០០០នាក់ ដែលជាបណ្ដាញនៃរដ្ឋអ៉ីស្លាម និងមានមូលដ្ឋាននៅតំបន់ស៊ីណៃអស់រយៈពេល៥ឆ្នាំមកហើយ។ យុទ្ធនាការយោធា បានបរាជ័យដោយមិនអាចបង្រ្កាបពួកសកម្មប្រយុទ្ធបានឡើយ។ ឆ្នាំ២០១៧ ត្រូវបានចាត់ទុកជាឆ្នាំបង្ហូរឈាមដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្រ្តអេហ្ស៊ីបសម័យទំនើប ព្រោះមានមនុស្សស្លាប់ច្រើនបំផុតដោយសារភេវរកម្ម។ អេហ្ស៊ីបត្រូវការជំនួយជាចាំបាច់ពីសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាប្រឈម ប៉ុន្តែអ្វីដែលត្រូវការ គឺការបណ្តុះបណ្តាល យុទ្ធសាស្ត្រ មិនមែនអាវុធនោះទេ។
ការពិតទៅ ប្រទេស អេហ្ស៊ីបមានអាវុធគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងពួកឧទ្ទាមរដ្ឋឥស្លាម។ ប៉ុន្តែអ្វីដែលជាបញ្ហាពិតប្រាកដ គឺយោធាអេហ្ស៊ីប មិនទាន់មានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់អាវុធទំនើបៗទំាងនោះ។ ជំនួសឱ្យការទទួលយកយុទ្ធសាស្ដ្រទំនើប មានប្រសិទ្ធភាពដើម្បីកម្ចាត់ពួក IS ចេញពីប្រទេសអ៉ីរ៉ាក់ និងស៊ីរីកង កម្លាំងប្រដាប់អាវុធរបស់អេហ្ស៊ីប បែរជាបន្តពឹងផ្អែកលើយុទ្ធសាស្រ្តសាមញ្ញៗ ដោយការដឹកនាំកម្លាំងដ៏លើសលប់ប្រឆាំងនឹងពួកសកម្មប្រយុទ្ធដែលបានបង្កប់នៅក្នុងសហគមន៍ តែគ្មានប្រសិទ្ធភាពទាល់តែសោះ។ យុទ្ធសាស្ត្របែបនេះ មិនត្រឹមតែមិនជោគជ័យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីណៃថែមទៀត។ ហើយជ័យជម្នះប្រឆាំងនឹងពួករដ្ឋឥស្លាម គឺជារឿងមិនអាចទៅរួចទេ។ ហេតុនេះហើយបានជារហូតមកទល់ពេលនេះ អេហ្ស៊ីបនៅតែត្រូវការប្រាក់ច្រើនសន្ធឹកសន្ធាប់ដើម្បីទប់ទល់នឹងពួកឧទ្ទាមទាំងនោះ។ ទាំងនេះជាមូលហេតុ ដែលជំរុញឱ្យអាមេរិក ផ្ដល់ជំនួយដល់រដ្ឋាភិបាលផ្ដាច់ការអេហ្ស៊ីប បើទោះបីជាអេហ្ស៊ីបមិនបានបំពេញតាមលក្ខខណ្ឌដែលអាមេរិកបានកំណត់ទុកក្តី៕